សៀមរាប: ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្ដើមឡើងដោយព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ព្រមទាំងគណៈទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មាតាបិតា អាណាព្យាបាលសិស្ស បានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ដើម្បីប្រមូលថវិកា សម្រាប់សាងសង់ អាគារសិក្សា១ខ្នង ដែលមានបណ្តោយ១២
ម៉ែត្រ គុណ៨ម៉ែត្រ នៃសាលាបឋមសិក្សាបន្ទាយឈើ ស្ថិតនៅសង្កាត់ទឹកវិក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបំពេញត្រូវការរបស់សាលា។ ហើយអគារនេះ ត្រូវចំណាយថវិកាសាងសង់ ចំនួន៦០០០ដុល្លារ
ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាថា ជាការពិតណាស់រាជរដ្ឋាភិបាលតែងតែបានផ្តល់ដល់អគារសិក្សាជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានការខ្វះ ហើយបច្ចុប្បន្នអគារសាលារៀនមួយចំនួន ក៏បានរងការខូចខាតផ្នែកខ្លះ ត្រូវបានគណៈគ្រប់គ្រងសាលា ធ្វើការជួសជុលជាបន្តបន្ទាប់ និងសាងសង់អគារបន្ថែមផងដែរ។ ហើយឥឡូវនេះគណៈគ្រប់គ្រងសាលា កំពុងតែដំណើរការសាងសង់អគារថ្មីមួយដែលមានបណ្តោយ១២ម៉ែត្រ គុណ៨ម៉ែត្រ ហើយកំពុងខ្វះខាតថវិកាសម្រាប់ទ្រទ្រង់នៃដំណើរការសាងសង់។ ព្រះសច្ចានុបាល ក៏បានអំពាវនាវឲ្យញោមញាតិបរិច្ចាគជាថវិកា ដើម្បីឲ្យការសាងសង់អគារនេះឲ្យបានរួចរាល់ ។
ព្រះតេជគុណបានបន្តថា សង្គមជាតិស្ថិតរក្រោមដំបូលនៃសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋបានទទួលឱកាសធ្វើបុណ្យទាន មានជីវភាពសមរម្យ ដែលភាពរីកចម្រើន និងសមទ្ធផលដែលយើងកំពុងធ្វើពេលនេះ មិនមែនបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះទេ វាជាការចូលរួមយ៉ាងចាំបាច់ទាំងសណ្តានចិត្ត និងការបរិច្ចាគជាថវិកាពីប្រជាពុទ្ធបរិស័ទ ដែលជាកម្លាំងមហាសាមគ្គីមួយ ដែលធ្វើឲ្យយើងសម្រេចបានកិច្ចការធំៗសម្រាប់ជាតិមាតុភូមិ។ ព្រះអង្គបានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាសាធារណៈជនទាំងអស់ដែលបានបញ្ជូនកូនៗរបស់ខ្លួនមកសិក្សា នៅសាលារៀនបឋមសិក្សាបន្ទាយឈើនេះ សូមចូលរួមថែរក្សា ការពារ សមទ្ធិផលនេះឲ្យបានប្រើប្រាស់បានយូរអង្វែង។ សមទ្ធិផលទាំងនេះ គឺកើតចេញឡើង ពីកម្លាំងញើសឈាមរបស់យើងគ្រប់គ្នា ដែលបានបរិចាកនូវទ្រព្យធន ការរួបចំណែកអភិវឌ្ឍន៍លើវិស័យ អប់រំសិក្សា ពីព្រោះថា ថ្នាក់បឋមនេះហើយ ដែលជាគ្រឹះដ៏រឹងមាំនៃអក្សរសាស្ត្រជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៃធនធានមនុស្ស សម្រាប់បន្តវេន ទៅថ្ងៃអនាគតផងដែរ៕





































