(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងអំពាវនាវពលរដ្ឋគ្រប់រូបត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍនិងការពារប្រទេសពីសត្រូវឈ្លានពាន លោក សាយ គឹមឡម បានអំពាវនាវដូច្នេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនគ្រួសារជនភៀសសឹក និងគ្រួសារវីរៈកងទ័ពជួមុខ កាលពីរសៀលថ្ងៃទី១០ ខែ
មករា ឆ្នាំ ២០២៦ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបានសង្កត់ធ្ងន់ថា កាលណាយើងរួបរួមសហការគ្នាបានរឹងមាំ មានកម្លាំងសេដ្ឋកិច្ចធំនិងខ្លាំងក្លា ជាពិសេសមានកម្លាំងយោធារឹងមាំនិងសព្វាវុធទំនើបៗ នោះធ្វើឱ្យប្រទេសជាតិយើងមានសក្តានុពល និងមិនមានការហ៊ានយារយីរពីសត្រូវឈ្លានពាននានាឬប្រទេសជិតខាងឡើយ ។
លោកបន្ថែមថា ខ្មែរគ្រប់រូបត្រូវតែពហិការដាច់ខាតចំពោះទំនិញសៀមដើម្បីកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសនេះដែលតែងតែឈ្លានពានប្រទេសខ្មែរជារឿយៗកន្លងមកក៏ដូចជាក្នុងអំឡុងពេលថ្មីៗនេះ ជាពិសេសទៀតត្រូវគាំទ្រលើកកម្ពស់ផលិតផលក្នុងស្រុកដែលជាផលិតផលរបស់កូនខ្មែរដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំខ្លាំងឡើងទ្វេដងថែមទៀត។
ទន្ទឹមនឹងនេះលោកអភិបាលសុខស្ទោង បានអំពាវនាវដល់ “ក្រុមហ៊ុនអាតូមីកម្ពុជា “និងសប្បុរសជនជិតឆ្ងាយ សូមបន្តជួយសហការឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក គ្រួសារយោធាដែលបានកំពុងមកដល់មូលដ្ឋានស្រុកស្ទោងក្នុងបុព្វហេតុសមរភូមិក្រោយ និងរួបរួមសាមគ្គីលើកកម្ពស់ខ្មែរជួយខ្មែរក្នុងគ្រាមានអាសន្ន។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់សៀមនេះស្រុកស្ទោងទទួលបានជនភៀសសឹកប្រមាណជិត ១.០០០គ្រួសារ និងបានវិលត្រឡប់វិញមួយចំនួន ហើយការសួរសុខទុក្ខចែកជូនក្នុងឱកាសនេះគឺមានចំនួន ៣០០គ្រួសារ ដែលជាជំនួយរបស់ “ក្រុមហ៊ុនអាតូមីកម្ពុជា” ហើយក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ១បេ មី១កេស និងឃីត១កញ្ចប់ផងដែរ៕




































