(កំពង់ធំ)៖ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅព្រឹកថ្ងៃទី១៣ ខែកមរា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងថា យុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតនាពេលនេះ មិនមែនគ្រាន់តែជាការជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងទឹកចិត្ត មនុស្សធម៌ដ៏ធំធេងរបស់យុវជនយើងចំពោះសង្គមជាតិ។ យើងដឹងហើយថា ឈាមគឺជាប្រភពនៃជីវិត ហើយវាមិនមានរោងចក្រណាអាចផលិតបានក្រៅពីសប្បុរស់ជននោះទេ។ ការសម្រេចចិត្តបរិច្ចាគឈាមនៅថ្ងៃនេះ គឺមានន័យស្មើនឹងការផ្ដល់ឱកាសឱ្យអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់ បានបន្តជីវិតរស់នៅជាមួយគ្រួសាររបស់ពួកគាត់ ទៅមុខទៀត “ការផ្តល់ឈាម គឺការផ្តល់ក្តីសង្ឃឹម និងការផ្តល់ជីវិត” ។
ឯកឧត្តម បានបញ្ជាក់ថា កង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ គឺជាបញ្ហាប្រឈមដែលត្រូវបានយកចិត្តទុកដាក់ជាទីបំផុត ក្នុងបរិការណ៍នេះ ក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានខិតខំរៀបចំយុទ្ធនាការជាបន្តបន្ទាប់ដូចជា កម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះស្រាប់ ដែលអាចជួយផ្សព្វផ្សាយ និងធ្វើឱ្យប្រជាពលរដ្ឋទូទៅ មានទំនុកចិត្តកាន់តែខ្លាំងឡើង លើសេវាកម្មផ្ដល់ឈាម។ ហើយការបរិច្ចាគឈាម អាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់បងប្អូន យុវជន ប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រោះវាអាចជួយធ្វើអោយយើងទាំងអស់គ្នា មានការផ្សារភ្ជាប់ ពោលគឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺ ដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ ។
ឯកឧត្តម ជា វ៉ាន់ចាន់ សង្ឃឹមថាកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតនេះ នឹងជម្រុញបងប្អូនប្រជាពលរដ្ឋ យុវជន មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀតយល់ដឹង និងមានឆន្ទៈចូលរួមសកម្មភាពមនុស្សធម៌នេះ ដើម្បីសង្គមជាតិរបស់យើងឈានដល់ដំណាក់កាលដ៏សំខាន់មួយ ដែលគ្មានអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារខ្វះឈាមឡើយ ។
បើតាមមតិចំណាប់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានជម្រាបជូនថា តម្រូវការឈាមក្នុងឆ្នាំ២០២៥កន្លងទៅ គឺយើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃជាមធ្យម៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២២.១% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់លើសពី៩០% នៃតម្រូវការ។ លោកវេជ្ជបណ្ឌិត បានជម្រាបជូនបន្តថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ អត្ថបទដោយ សូរហ៊ាន សំអាង ពិនិត្យដោយលោក ធូ កែវមុន្នី





































