ឧត្ដមសេនីយ៍ទោ ​សោម​ ស៊ុន​ សំណូមពរ​អាជ្ញា​ធរដែនដី​ និង​សមត្ថកិច្ច​ជំនាញ​ដែល​មាន​ការ​ពាក់ព័ន្ធ​ រួម​គ្នា​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​

0

(ខេត្តកំពង់ធំ)៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២៦​ គណៈបញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ បាន​បេីកកិច្ច​ប្រជុំបូក​សរុប​លទ្ធផល​ការងារ​​ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ និង​ដាក់​ចេញ​នូវ​ទិសដៅ​អនុវត្ត​បន្ត​ ដែល​ដែលកិច្ចប្រជុំនេះប្រព្រឹត្ដ​ទៅ​ស្ថិត​ក្រោម​អធិបតីភាព​ឯកឧត្ដម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ។

បន្ទាប់ពីការប្រកាសបេីកអង្គប្រជុំ​របស់​ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ឧត្ដមសេនីយ៍​ត្រី​ ពេជ​ ថាល់​ ប្រធាន​ក្រុមការងារ​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​ បាន​ឡើង​រាយការណ៍​អំពី​សភាពការណ៍​ទូទៅ​ប្រចាំ​ខែធ្នូ​ ឆ្នាំ​២០២៥​ ក្នុង​នោះ​បាន​លើ​កឡេីងអំពីការ​ងារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​ ដែល​បាន​បម្រើ​ជូន​ប្រជាជន​តាម​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ពិសេស​បាន​សង្កត់​ធ្ងន់​ក្នុង​លទ្ធផល​ និង​សកម្មភាព​ការងារ​ការពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ យ៉ាង​សកម្ម​របស់​កង​កម្លាំង​ចម្រុះផងដែរ​​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ អនុប្រធាន​គណ:បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​ បាន​ឡើង​រាយការណ៍​អំពី​លទ្ធផល​សំខាន់​ៗ​ នៃ​ការ​ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ នាពេលកន្លងទៅ​ ដោយ​បាន​គូស​បញ្ជាក់​អំពី​សកម្មភាព​ជនល្មើស​មួយ​ចំនួន​ នៅ​តែ​បំពាន​ដោយ​គ្មាន​កោត​ខ្លាចក្នុងការលួច​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ នៅ​ចំណុច​មួយ​ចំនួន​ នៅក្នុងភូមិ​សាស្ត្រ​ស្រុក​សណ្តាន់​។ រីឯ​បទល្មើស​នេសាទ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មាន​ការ​ថយ​ចុះ​ គួរ​ឲ្យ​កត់សម្គាល់​ តែ​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​តែ​មាន​ការ​កេីតឡេីង​លួច​លាក់​ដាក់​របាំង​សាច់​អួន​ក្រឡា​ញឹក​ និង​របាំង​ស្បៃ​មុង​ នៅ​ក្នុង​តំបន់​ព្រៃ​រនាម​ និង​នៅ​ក្នុង​តំបន់​ជ្រៅ​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្តេជ្ញា​ចិត្ត​អនុវត្ត​យ៉ាង​មុឺង​ម៉ាត់​ តាម​បទ​បញ្ជា​របស់​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បទ​បញ្ជា​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ក្នុង​ការបន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ដេីម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ ។

ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ បាន​ថ្លែង​អំណរគុណ​ចំពោះ​កងកម្លំាង​ប្រដាប់​អាវុធ​ទាំង​បី​ អាចជ្ញាធរ​ដែនដី​ គ្រប់​ថ្នាក់​ និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់​ធ្នាប់​សង្គម​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ បាន​យ៉ាងល្អ​ប្រសើរ​ ។ ជាមួយ​នេះ​ដែរ​ ឯកឧត្ដមប្រធានគណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​ ក៍បាន​ប្រគល់​ភារកិច្ច​ដល់​កងកម្លំាង​ចម្រុះ​ទាំង​អស់​ ត្រូវ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ ត្រូវ​រួម​គ្នា​បន្ត​ជួយ​គាំទ្រ​ដល់​សមរភូមិ​មុខ​ ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្គែម​អនឡាញ​ ។ ការ​ងារ​កសិកម្ម​ និង​ឧហ្សាហកម្ម​ និង​ត្រូវ​យក​ចិត្ត​ទុកដាក់​រួម​គ្នា​ទទួល​ខុសត្រូវ​ក្នុង​ការ​ ការពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ ។ ដោយលោក ធូ កែវមុន្នី