អាជ្ញាធរខេត្តសៀមរាប ណែនាំឲ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឲ្យត្រឹមត្រូវតាមច្បាប់

0

សៀមរាប: អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំឲ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឲ្យត្រឹមត្រូវតាមច្បាប់ ដោយចាប់យកតែលៀសធំៗ ដែលគ្រប់ខ្នាត ដើម្បីរក្សាលៀសនៅក្នុងតំបន់របស់យើង ឲ្យកាន់តែសម្បូរ និង អាចធ្វើនេសាទនាពេលក្រោយៗ បានជាបន្តបន្ទាប់ ទៀតលើកឡើងដូចនេះ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះពិនិត្យការធ្វើនេសាទ អូសលៀស ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។
លោក អ៉ឹង គឹមលាង ក៏បានជម្រុញឲ្យមន្ត្រីជំនាញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការគ្រប់គ្រង និងទប់ស្កាត់ បង្ក្រាប ការធ្វើនេសាទលៀសដោយខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការនេសាទយកលៀសតូចៗ ដែលមិនទាន់គ្រប់ខ្នាត ត្រូវតែទប់ស្កាត់ឲ្យបាន ព្រោះការនេសាទយកលៀសតូចៗ និងការប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់នេះ និងធ្វើឲ្យបាត់បង់ពូជលៀសអស់ក្នុងដែននេសាទរបស់ខេត្តយើង ។
លោកនាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានឲ្យដឹងថា ប្រជានេសាទលៀស នៅក្នុងស្រុកសូទ្រនិគម បច្ចុប្បន្ននេះ មានប្រមាណ ៣៤០គ្រួសារ ហើយបន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ ឃើញថាប្រជានេសាទប្រមាណ ៨០% បានធ្វើការនេសាទដោយស្របទៅតាមច្បាប់កំណត់ ហើយក៏នៅមានមួយចំនួននៅតែមិនទាន់អនុវត្តបានត្រឹម ត្រូវ ។ លោកបានពន្យល់ថា តាមច្បាប់ជលផលការនេសាទលៀស គឺច្បាប់កំណត់ឲ្យចាប់យកលៀងដែលមានទំហំចាប់ពី ៣ហ៊ុន (៣សង់ទីម៉ែត្រ)ឡើងទៅ ហើយការធ្វើនេសាទលៀសដោយប្រើឧបករណ៍ខុសច្បាប់ ដោយទូកម៉ាស៊ីនខ្នាតធំៗ ជាហេតុនាំឱ្យបំផ្លាញជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅបាតទន្លេសាប។ នៅក្នុងការចុះត្រួតពិនិត្យនោះដែរ មន្ត្រីជំនាញ ក៏បានចាក់លៀសដែលមានទំហំតូចចូលទន្លេសាបវិញចំនួន ១ពាន់២០០ គីឡូក្រាមផងដែរ ៕