កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែម អនឡាញ និងការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ថ្លែងបែបនេះក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៦
នៃការអនុវត្តគោល នយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព និងដាក់ចេញផែនការសកម្មភាពរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសម្រាប់អនុវត្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៤ ខែមករានេះ ក្រោមវត្តមានឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវធានាថាមិនឱ្យបទបញ្ជារបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលធ្លាក់ដល់ដីទាន់ឡើយ ពោលគឺត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ ។ 
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំ ណែនាំ ចំពោះការសាងសង់សំណង់រឹងគ្រប់ប្រភេទ ដើម្បីដាក់ចេញនូវយន្តការទប់ស្កាត់ចំពោះការ សាងសង់សំណង់អាណាធិបតេយ្យ ជាពិសេសការសាងសង់សំណង់ប៉ះពាល់លើដីកម្មសិទ្ធិរបស់ រដ្ឋ ឬដីចំណីព្រែកបឹងបួ រួមទាំងការសុំអនុញ្ញាតច្បាប់ចាក់ដី និងការស្នេីសុំបំពេញបន្ថែម ដេីម្បីធ្វើប័ណ្ណកាន់កាប់ដីធ្លីជាដើម ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសការិយាល័យ ឬអង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តពង្រឹងគុណភាព ក្នុងការផ្តល់សេវាសាធារណៈនៅគ្រប់ កំរិត ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័ស គណនេយ្យភាព និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងការជឿទុកចិត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ៕






































