ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាងឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានដឹកនាំសហការី នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ស្រុក រួម
ជាមួយអាជ្ញាធរដែនដី ឃុំ ភូមិ បានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ ដែលបានទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ តំណាងឲ្យក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអានសាររំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ឋជន និងនិវត្តន៍ជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសពលោក ចេង ជា ជាអតីតយុទ្ធជន មានអាយុ ៦៦ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ឯក ធ្លាប់បានចូលរួមបម្រើក្នុងជួរនគរបាលនៅឆ្នាំ១៩៨៣ ។ ហើយត្រូវបានក្រសួងមហាផ្ទៃ ដាក់ចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៤ ដែលលោកមានតួនាទីជាអធិការរងស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ។ លោកត្រូវបានទទួលមរណភាពដោយសាររោគាពាធ កាលពីថៃ្ងទី១៤ ខែមករា ឆ្នាំ២០២៦ ថ្មីៗកន្លងទៅនេះ ដោយបានបន្សល់ទុកនូវភរិយា និងកូន រស់នៅក្នុងបន្ទុកចំនួន ៣នាក់ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកអនុសេនីយ៍ឯក ចេង ជា ជាអតីតយុទ្ធជន ដែលធ្លាប់បានចូលរួមសហការជាមួយកងទ័ព ក្នុងសម័យសង្គ្រាមស៊ីវិល ជាច្រើនសមរភូមិ ក្នុងការប្រយុទ្ឋការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ប៉ុលពត វឹលត្រឡប់មកវិញបាន ។ហើយការបាត់បង់លោកអនុសេនីយ៍ឯក ចេង ជា នៅពេលនេះ គឺជាបាត់បង់ស្វាមី និងជាឪពុកដ៏ល្អ នៅក្នុងគ្រួសារ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនក្រុមគ្រួសារសព និងប្រជាពលរដ្ឋអំពីប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង គិតទាំងការយកចិត្តទុកដាក់ ការសិក្សារៀនសូត្រ ការផ្តល់ការងារសមស្របសម្រាប់កូនចៅអតីតយុទ្ធជន និងនិវត្តជនយេីង រួមទាំងការដោះស្រាយដីធ្លី និងផ្ទះសម្បែង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគ្មានដីគ្មានផ្ទះ ពិតប្រាកដផងដែរ ។
នៅក្នុងឱកាស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធសព អតីតយុទ្ធជនសោធននិវត្តន៍ ឈ្មោះ ចេង ជា នេះដែរ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀលនិងគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសពផងដែរ និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ចេង ជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕





































