សំណូមពរពីពលរដ្ឋសៀមរាប៖ ត្រូវការភាពស្មោះត្រង់ពីមន្ត្រីអនុវត្តច្បាប់ ដើម្បីលុបបំបាត់បទល្មើសដឹកជញ្ជូនលៀសខុសច្បាប់ឱ្យដាច់ឫសគល់

0

(សៀមរាប)៖ ខណៈដែលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីជំនាញជលផលខេត្តសៀមរាប កំពុងបង្ហាញស្នាដៃក្នុងការបង្ក្រាបបទល្មើសដឹកជញ្ជូនលៀសខុសច្បាប់ទ្រង់ទ្រាយធំ ទំនុកចិត្តរបស់ប្រជាពលរដ្ឋហាក់នៅមានមន្ទិលនៅឡើយជុំវិញប្រសិទ្ធភាពនៃការទប់ស្កាត់ឱ្យដាច់ឫសគល់។
​ជាក់ស្តែង កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទី កម្លាំងចម្រុះដឹកនាំដោយលោកវរសេនីយ៍ឯក នួន សារ៉ុន ស្នងការរងខេត្ត និងមានការសម្របសម្រួលពីលោក ប៉ុក តារា ព្រះរាជអាជ្ញារង បានស្ទាក់ចាប់រថយន្តម៉ាក NISSAN មួយគ្រឿង ដឹកលៀសគ្មានលិខិតអនុញ្ញាតរហូតដល់ ២២,០០០ គីឡូក្រាម នៅចំណុចភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ ទោះបីជាវត្ថុតាងទាំងអស់ត្រូវបានដោះលែងចូលបឹងអភិរក្សវិញនៅព្រឹកថ្ងៃទី១៥ មករា ក៏ដោយ ប៉ុន្តែចំណុចដែលគួរឱ្យកត់សម្គាល់នោះគឺ “ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល”។

ករណីនេះបានបង្កើតជាចម្ងល់ក្នុងចំណោមមហាជន និងប្រជាពលរដ្ឋមូលដ្ឋានថា តើរថយន្តដឹកទំនិញខុសច្បាប់ដែលមានទម្ងន់ដល់ទៅ ២២តោន អាចចរាចរណ៍យ៉ាងរលូនឆ្លងកាត់ភូមិសាស្ត្រជាច្រើនបានយ៉ាងដូចម្តេច បើគ្មានការបណ្តែតបណ្តោយពីមន្ត្រីខ្លះ?
​១. លុបបំបាត់វប្បធម៌ “ចាប់បានតែឡាន រត់បាត់មនុស្ស”៖ ការដែលម្ចាស់រថយន្ត ឬមេខ្លោងអាចរត់គេចខ្លួនជានិច្ច ធ្វើឱ្យការអនុវត្តច្បាប់ហាក់មានភាពធូររលុង។ សមត្ថកិច្ចគួរប្រើប្រាស់វិធានការជំនាញដើម្បីវែកមុខរកម្ចាស់អាជីវកម្មពិតប្រាកដមកដាក់ទោសតាមច្បាប់ជលផល ដើម្បីកុំឱ្យពួកគេមានឱកាសប្រើប្រាស់រថយន្តផ្សេងមកធ្វើសកម្មភាពដដែលៗទៀត។
​២. ភាពស្មោះត្រង់របស់មន្ត្រីមូលដ្ឋាន៖ ពាក្យស្លោកដែលពលរដ្ឋលើកឡើងថា “ខ្មោចស្រុកបើកដៃ ទើបខ្មោចព្រៃវាហ៊ាន” គឺជាការដាស់តឿនដ៏សំខាន់។ បទល្មើសទ្រង់ទ្រាយធំបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ។ ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ គួរមានការស៊ើបអង្កេតផ្ទៃក្នុង និងពង្រឹងវិន័យលើមន្ត្រីយាមល្បាតតាមតំបន់គោលដៅ ដើម្បីធានាថាគ្មានការ “ត្រូវរ៉ូវគ្នា” ជាថ្នូរនឹងផលប្រយោជន៍បុគ្គល។
​៣. ការទប់ស្កាត់ពីប្រភពនេសាទ៖ ប្រសិទ្ធភាពនៃច្បាប់មិនមែនស្ថិតលើការតាមស្ទាក់ចាប់ឡាននៅពាក់កណ្តាលផ្លូវនោះទេ ប៉ុន្តែស្ថិតលើការទប់ស្កាត់មិនឱ្យមានការនេសាទលៀសខុសច្បាប់តាំងពីក្នុងបឹងមកម៉្លេះ។ បើមន្ត្រីជំនាញអាចគ្រប់គ្រងបទល្មើសនៅនឹងកន្លែងបានល្អ នោះនឹងគ្មានទំនិញខុសច្បាប់សម្រាប់ដឹកជញ្ជូនឡើយ។
​ជារួម មហាជនពិតជាកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងចម្រុះក្នុងប្រតិបត្តិការនេះ ប៉ុន្តែអ្វីដែលពលរដ្ឋចង់ឃើញជាងនេះ គឺការអនុវត្តច្បាប់ដោយតម្លាភាព ស្មើភាព និងគ្មានការលើកលែង។ ការការពារពូជអំបូរលៀសខ្ចៅ មិនមែនជាភារកិច្ចរបស់សមត្ថកិច្ចតែម្ខាងឡើយ ប៉ុន្តែវាទាមទារឱ្យមានភាពស្មោះត្រង់ពីមន្ត្រីអនុវត្តច្បាប់គ្រប់ជាន់ថ្នាក់ ដើម្បីធានាថាធនធានធម្មជាតិរបស់ខ្មែរនឹងមិនត្រូវរលាយបាត់បង់ដោយសារតែមហិច្ឆតារបស់មនុស្សមួយក្រុមតូចនោះឡើយ៕
ដោយ​ប៊ុន​រដ្ឋា​