មន្ទីរកិច្ចការនារីខេត្តកំពង់ធំ ជំរុញការយល់ដឹងពីយេនឌ័រ និងការពង្រឹងសេដ្ឋកិច្ចស្ត្រីនៅឃុំទួលគ្រើល

0

​(កំពង់ធំ)៖ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA រៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី «យេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី» នៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ១០៧នាក់ (ស្រី ៨៧នាក់)។
​ក្នុងឱកាសនោះ លោកស្រី ស៊ិន ស៊ីផាន បានមានប្រសាសន៍សំណេះសំណាលថា ការផ្តល់ចំណេះដឹង និងជំនាញដល់ស្ត្រី គឺជាទុនដ៏សំខាន់ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ដែលជួយឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯង និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ លោកស្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារី ដោយផ្តល់ឱកាសស្មើភាពគ្នាក្នុងការសិក្សា និងការចូលរួមអភិវឌ្ឍសង្គម ខុសពីសម័យមុនដែលស្ត្រីពុំសូវមានសិទ្ធិសម្រេចចិត្ត។
​ក្រៅពីប្រធានបទយេនឌ័រ លោកស្រីប្រធានមន្ទីរក៏បានបញ្ជ្រាបចំណេះដឹងបន្ថែមលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
​ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ៖ ដើម្បីការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់សមាជិកគ្រួសារ។
​ការប្រឆាំងគ្រឿងញៀន៖ ការយល់ដឹងពីផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀនក្នុងសហគមន៍។
​កាតព្វកិច្ចពលរដ្ឋ៖ ជំរុញឱ្យអាណាព្យាបាលដែលមានកូនអាយុគ្រប់ ១៨ឆ្នាំ ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨។
​ស្មារតីស្នេហាជាតិ៖ ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរចេះស្រឡាញ់ និងជួយគ្នា ជាពិសេសការចូលរួមគាំទ្រក្នុងកិច្ចការការពារព្រំដែន។
​ជាទីបញ្ចប់ លោកស្រីប្រធានមន្ទីរបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យជួយផ្សព្វផ្សាយបន្តដល់សមាជិកគ្រួសារ និងអ្នកក្នុងសហគមន៍ ឱ្យផ្តល់ឱកាសដល់ស្ត្រីក្នុងការចូលរួមការងារសង្គម ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ។ ក្នុងវគ្គផ្សព្វផ្សាយនោះដែរ សិក្ខាកាមម្នាក់ៗទទួលបានវត្ថុអនុស្សាវរីយ៍ជាសារុងមួយ ជាការលើកទឹកចិត្តផងដែរ។
ដោយ ប៊ុន រដ្ឋា