តើច្បាប់មានលើកលែងចំពោះ “អធិរាជល្បែង” ប្រចាំខេត្តកំពង់ធំឬ? ការផ្គើននឹងបទបញ្ជារាជរដ្ឋាភិបាលយ៉ាងងងើល!

0

​ខេត្តកំពង់ធំ៖ ខណៈដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអភិបាលរាជធានី-ខេត្តទាំង ២៥ បោសសម្អាតល្បែងស៊ីសងខុសច្បាប់ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប៉ុន្តែនៅខេត្តកំពង់ធំឯណេះវិញ ហាក់កំពុងដើរផ្ទុយពីចរន្តនេះទាំងស្រុង។
​អាណាចក្រល្បែងដុះស្លែ៖ “ដឹងហើយ ឮហើយ តែមិនបង្ក្រាប?”
​តាមការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឈ្មោះ “អាន” ដែលត្រូវបានគេស្គាល់ថាជាមេល្បែងដុះស្លែប្រចាំខេត្តកំពង់ធំ កំពុងបន្តពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង។ ជារៀងរាល់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ទឹកប្រាក់រាប់រយលានរៀលត្រូវបានភ្នាល់គ្នាយ៉ាងពុះកញ្ជ្រោលនៅក្នុងសង្វៀនជល់មាន់ និងបនល្បែងស៊ីសងដែលមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
​ទីតាំងដែលកំពុងតែងងើល៖
​ចំណុចទី១៖ ក្នុងចំការស្វាយចន្ទី ភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក (គ្រប់គ្រងដោយឈ្មោះ នី)។
​ចំណុចទី២៖ ភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក (គ្រប់គ្រងដោយឈ្មោះ ទុន)។
​“តើលោក អាន មានមន្តអាគមអ្វី? ឬមានខ្នងបង្អែកកម្រិតណា ទើបអាចបើកល្បែងស៊ីសងភ្នាល់ប្រាក់រាប់រយលានបានដោយរលូន បើទោះបីជាទីតាំងទាំងនេះស្ថិតនៅក្រោមក្រសែភ្នែកសមត្ថកិច្ចក៏ដោយ?” នេះជាសំណួរដ៏ក្តៅគគុកដែលប្រជាពលរដ្ឋកំពុងជជែកគ្នា។
​ការរិះគន់ចំពោះភាពអសកម្មរបស់សមត្ថកិច្ច
​មហាជនកំពុងដាក់មន្ទិលសង្ស័យថា តើការដែល “ដឹងហើយមិនបង្ក្រាប” នេះ ដោយសារតែសមត្ថកិច្ចថ្នាក់ក្រោមមានភាពទន់ជ្រាយ ឬក៏មានការ “ត្រូវរ៉ូវ” ណាមួយនៅពីក្រោយខ្នង? ប្រសិនបើច្បាប់អនុវត្តបានតែលើពលរដ្ឋសាមញ្ញ ប៉ុន្តែបែរជាមានការលើកលែងចំពោះ “មេល្បែងធំ” នោះយុត្តិធម៌សង្គម និងសុវត្ថិភាពមូលដ្ឋាននឹងត្រូវរលាយបាត់បង់។
​ល្បែងស៊ីសងគឺជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់ និងហិង្សាក្នុងគ្រួសារ។ ប្រសិនបើអាជ្ញាធរនៅតែបណ្តែតបណ្តោយឱ្យលោក “អាន” និងបក្សពួកបន្តសកម្មភាពបែបនេះ វាមិនត្រឹមតែបំផ្លាញសេចក្តីសុខពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំខេត្តទៀតផង។
​សំណូមពរដ៏ទទូច
​ប្រជាពលរដ្ឋខេត្តកំពង់ធំ សូមគោរពស្នើសុំយ៉ាងទទូចដល់៖​ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ
​លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ​មេត្តាជួយពិនិត្យ មើលដានជើងមន្ត្រីថ្នាក់ក្រោម និងចុះអនុវត្តវិធានការ “ក្តៅ” បំបែកសម្បុកល្បែងរបស់លោក អាន នៅក្នុងស្រុកសន្ទុកនេះជាបន្ទាន់។ កុំទុកឱ្យបុគ្គលម្នាក់ ឬមួយក្រុម មានសិទ្ធិធំជាងច្បាប់រដ្ឋ និងបំផ្លាញគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពតទៅទៀត ​យើងរង់ចាំមើលថា តើសង្វៀនល្បែង “អធិរាជអាន” នឹងត្រូវវាយកម្ទេច ឬនៅតែបន្តរឹងមាំដូចថ្មដា?
ដោយ នាគរាជ