(កំពង់ធំ)៖ ក្រោមស្មារតីនៃការកែទម្រង់ និងការអភិវឌ្ឍ លោក ឡង គីសឹង អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែន ដែលទើបកាន់តំណែងថ្មី បានបង្ហាញនូវឆន្ទៈមោះមុតក្នុងការផ្លាស់ប្តូរមុខមាត់ក្រុងស្ទឹងសែន ឱ្យក្លាយជាទីក្រុងគំរូទាំងផ្នែកសោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកអភិបាលក្រុងបានសង្កត់ធ្ងន់ថា ការរៀបចំក្រុងឱ្យមានរបៀបរៀបរយ មិនត្រឹមតែលើកកម្ពស់កិត្យានុភាពខេត្តកំពង់ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគន្លឹះសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ដែលនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋគ្រប់រូប។
ផែនការសកម្មភាពជាអាទិភាពដែលលោកអភិបាលបានដាក់ចេញរួមមាន៖
សណ្ដាប់ធ្នាប់ពាណិជ្ជកម្ម និងដងផ្លូវ៖ លោកបានណែនាំដោយម៉ឺងម៉ាត់ដល់អាជីវករនៅផ្សារកំពង់ធំ និងផ្សារចាស់ ឱ្យបញ្ឈប់ការលក់ដូររំលោភលើចិញ្ចើមផ្លូវ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ។
ការគ្រប់គ្រងសំណង់ និងបរិស្ថានស្អាត៖ រាល់ការសាងសង់ត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីបញ្ចៀសសំណង់អនាធិបតេយ្យ។ ទន្ទឹមនឹងនោះ លោកបានហាមឃាត់ការដាក់តាំង ឬហាលសម្លៀកបំពាក់តាមដងផ្លូវដែលធ្វើឱ្យបាត់បង់សោភ័ណភាពក្រុង។
ការគ្រប់គ្រងកាកសំណល់ និងអនាម័យ៖ ជំរុញការទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមម៉ោងពេល និងចាត់វិធានការចំពោះការដុតសំរាមដែលបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។
សន្តិសុខ និងសុវត្ថិភាពសង្គម៖ លោកបានដាក់បទបញ្ជាឱ្យអធិការក្រុង និងអាជ្ញាធរពាក់ព័ន្ធ ចុះទប់ស្កាត់ជាបន្ទាន់នូវរាល់ល្បែងស៊ីសង និងបទល្មើសផ្សេងៗ ដើម្បីផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ។
លោកអភិបាលក្រុង ក៏បានបង្ហាញនូវភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ ដើម្បីសម្រេចបាននូវគោលដៅ «ក្រុងស្អាត សេវាល្អ បរិស្ថានបៃតង»។ ការបោះជំហានដំបូងប្រកបដោយភាពសកម្មរបស់លោក ឡង គីសឹង ត្រូវបានសាធារណជនកោតសរសើរ និងរំពឹងទុកថា ក្រុងស្ទឹងសែននឹងមានការវិវត្តប្រកបដោយភាពវិជ្ជមានបំផុតក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយ ប៊ុន រដ្ឋា 





































