ប្រធានក្រុងការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងថា ការដឹកនាំក្រុមគ្រូពេទ្យព្យាបាលត្រចៀកជូនពលរដ្ឋ គឺជាការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពសាធារណៈ និងសុខភាពពលរដ្ឋក្នុងមូលដ្ឋាន

0

កំពង់ធំ÷ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងថា ការដឹកនាំក្រុមគ្រូពេទ្យព្យាបាលត្រចៀកជូនពលរដ្ឋគឺជាការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពសាធារណៈ និងសុខភាពពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំសហការី និងក្រុមគ្រូពេទ្យចម្រុះជាតិសាសន៍មកចុះព្យាបាលជំងឺត្រចៀក ចែកជូនឧបករណ៍ជំនួយការស្ដាប់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង។

ឯកឧត្តមបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឃើញពលរដ្ឋនៅក្នុងមូលដ្ឋានមានកំសោយការស្ដាប់ច្រើននាក់ ហើយឯកឧត្តមសង្ឃឹមថាក្រោយពីការពិនិត្យព្យាបាល និងទទួលបាននូវឧបករណ៍ជំនួយការស្ដាប់ក្នុងឱកាសនេះនឹងធ្វើឱ្យសុខភាពត្រចៀក និងការស្ដាប់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយើងបានប្រសើរឡើងវិញ។

ទន្ទឹមនឹងនេះឯកឧត្តមបាន ជំរាបណែនាំដល់ពុកម៉ែបងប្អូនសូមបន្តថែរក្សាសុខភាពធ្វើអនាម័យត្រចៀកឱ្យបានទៀងទាត់ជាប្រចាំ បើមានបញ្ហាត្រូវប្រញាប់ទៅជួបគ្រូពេទ្យខាងឯកទេស ហើយក្រោយពីការព្យាបាលនេះត្រូវគោរពនិងអនុវត្តតាមតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវមានការអត់ធ្មត់ក្នុងការប្រើឧបករណ៍ជំនួយការស្ដាប់នេះព្រោះមានផលរំខានតិចតួចប៉ុន្តែវាអាចជួយឱ្យយើងមានការស្ដាប់កាន់តែប្រសើរឡើងជាងមុន។

លើសពីនេះឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណជាអនេកដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានមកពីបណ្ដាប្រទេសផ្សេងៗ និងក្រុមការងារដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការពិនិត្យព្យាបាល សម្របសម្រួល ឱ្យកម្មវិធីពិនិត្យព្យាបាលនៅក្នុងឱកាសនេះប្រព្រឹត្តទៅបានដោយរលូនដូចការគ្រោងទុក។

សូមបញ្ជាក់ថា ការពិនិត្យព្យាបាលនិងផ្តល់ឧបករណ៍ជំនួយការស្ដាប់នៅក្នុងពេលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី៣០ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ ដែលគ្រោងនឹងព្យាបាលជូនអ្នកជំងឺប្រមាណ ៣ពាន់នាក់ផងដែរ៕