បុក្គលិកតបណ្តាញអគ្គីសនី ៣នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈជាន់គ្រាប់បែកចង្កោម ដែលថៃបានបាញ់ប្រហារលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងទៅ !

0

ដោយ៖ឡុង សំបូរ
ខេត្តឧត្តរមានជ័យ៖ បុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី ៣នាក់ បានរងរបួសធ្ងន់ស្រាល គ្រាដែលពួកគេបានដើរជាន់គ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានមកលើដែនអធិតេយ្យភាពកម្ពុជា នាពេលកន្លងទៅ។ ករណីផ្ទុះគ្រាប់បែកចង្កោមនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តាមដងផ្លូវលេខ៥៨ ស្ថិតត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
បើតាមការឱ្យដឹងដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) លោក ហេង រតនា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៩ ខែមករា នេះ លោកបាន អំពាវនាវជាថ្មីទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជន និងអង្គភាពរដ្ឋទាំងអស់ ដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន សូមមេត្តាធ្វើការសម្របសម្រួលជិតសិ្នទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ស៊ីម៉ាក់ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម។
ស្របពេលជាមួយគ្នានេះផងដែរ អាជ្ញាធរមីនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម ដែលបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនបណ្តាញអគ្គិសនី ៣នាក់ បានរងរបួសធ្ងន់ ស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕