កំពង់ចាមមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ តាមបណ្តោយច្រាំងទន្លេមេគង្គ ដែលមានស្ថានភាព ប្រេះ ដាច់និងស្រុតចុះអស់ ១,៦ម៉ែត្រ និងបណ្តោយប្រវែង ៧០ម៉ែត្រ និង ទទឹង ១,១ម៉ែត្រ។
ស្ថិតក្នុងស្ថានភាពនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរក្រុង រៀបចំដាក់ ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលស្រុត ជៀសវាងធ្វើអ្នកដំណើរ ដើរធ្លាក់នៅពេលយប់។ ឯកឧត្តម ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក ចុះសិក្សា វាស់វែង ស្ថានភាពជាក់ស្តែង នៃការស្រុតប្រាំងទន្លេ មេគង្គ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងស្រុតឡើងវិញ ហើយក៏ ជាការការពារ កុំឲ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង ដែលអាចឈានទៅគ្រោះថ្នាក់កាន់តែធំ។
បើតាមការឲ្យដឹងពី មន្ទីរធនធានទឹកបានឲ្យដឹងថា ការប្រេះ ដាច់បេតុងការពារច្រាំងទន្លេមេគង្គ បានបណ្តាលឲ្យបាក់ស្រុតការរ៉ូឡា មានបណ្តោយ ៧០ ម៉ែត្រ ទទឹង ១,១ ម៉ែត្រ កម្ពស់ ចាប់ពី ០,៣ ម៉ែត្រ រហូតដល់ ១,៦ ម៉ែត្រ។ សម្រាប់ផ្នែកខាងក្រោម បាក់ស្រុតបេតុង មានបណ្តោយ ៧០ ម៉ែត្រ ក្នុងនោះ មានបញ្ហាប្រឈមប្រវែង ៣៥ ម៉ែត្រ កម្ពស់ ចាប់ពី ០,១ ដល់ ០,៣ ម៉ែត្រ។ ចំពោះ វាស់ជម្រៅទឹកទន្លេមេគង្គ ផ្នែកខាងក្រោមត្រង់ចំណុចសសរគ្រឹះ ដាច់ពី ជម្រៅ ១,២ ម៉ែត្រ ដល់ ៦ ម៉ែត្រ។ បើតាមការឲ្យដឹងពី មន្ទីរធនធានទឹក បានឲ្យដឹងថា ការងារសាងសង់ច្រាំងទន្លេមេគង្គនេះ ចាប់ ផ្តើមសាងសង់ក្នុង ឆ្នាំ២០១២ ថវិការដ្ឋបាលខេត្តកំពង់ចាម៕






































