ឯកឧត្តម ទៀ សីហា អញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយនិវត្តជនក្រុងសៀមរាប

0

សៀមរាប: ឯកឧត្តម ទៀ សីហា សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានជួបសំណេះ សំណាលជាមួយនិវត្តជន មន្ត្រីរាជការស៊ីវិល មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងក្រុងសៀមរាបចំនួន១ពាន់១៤៦នាក់ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៦) ដែលតែងតែបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ចំនួននិវត្តន៍ជនជាមន្ត្រីរាជការស៊ីវិលទូទាំងខេត្តសៀមរាប មានចំនួន ២ពាន់៨០នាក់ ។ និយាយដោយឡែកក្នុងថ្ងៃនេះ ចំនួននិវត្តន៍ជនក្នុងក្រុងសៀមរាប ដែលអញ្ជើញចូលរួមពេលនេះ មានចំនួន ១ពាន់១៤៦នាក់ ដែលជាអតីតមន្ត្រីរាជការស៊ីវិល តាមមន្ទីរ អង្គភាពជុំវិញខេត្ត និង រដ្ឋបាលក្រុង សៀមរាប ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ទៀ សីហា បានកោតសរសើរដល់បងប្អូននិវត្តជន ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួនប្រកៀកស្មាយ៉ាងរឹងមាំ ក្នុងការតស៊ូពុះពារ ឆ្លងកាត់ឧបសគ្គរាប់មិនអស់ ដើម្បីបម្រើជាតិ មាតុភូមិ ក្នុងពេលកន្លងមក។ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ,សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ចំពោះបងប្អូននិវត្តន៍ជន ក្នុងខេត្តសៀមរាប ។

ឯកឧត្តមបន្តថា ការជួបសំណេះសំណាលជាមួយពូមីង ជានិវត្តន៍ជន ដែលជារៀមច្បង និង ជាអ្នកកសាងស្ពានសុភមង្គលប្រទេសជាតិ សម្រាប់កូនក្មួយជំនាន់ក្រោយជាអ្នកបន្តវេន ក្នុងការកសាងអភិវឌ្ឍន៍ប្រទេស ។ ទោះបីពូមីងបានចូលនិវត្តន៍ក៏ពិតមែន តែបានបន្សល់នូវមរតកស្នាដៃជាច្រើន នៅក្នុងមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយ ។ ឯកឧត្តមក៏ បានមានប្រសាសន៍បន្ថែមថា ខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ទោះបីយើងពុំបានរៀបចំប្រារព្ធពិធីមីទ្ធីញមហាជនក៏ដោយ ប៉ុន្តែយើងបានតម្កល់ស្មារតី ៧មករា នៅស្ថិតជាអមតៈក្នុងបេះដូងគ្រប់ៗគ្នា ។ មូលហេតុដែលយើង ពុំបានរៀបចំកម្មវិធីនេះ ដោយសារយោធាថៃបានបើកការវាយទន្ទ្រាន ឈ្លានពានយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ចំនួនពីរលើក ចូលក្នុងអធិបតេយ្យភាពជាតិកម្ពុជា និងបានប្រើប្រាស់មធ្យោបាយផ្សេងៗដូចជាគ្រាប់ផ្លោង ទម្លាក់គ្រាប់ ពីលើយន្តហោះ ដ្រូន និងបាញ់ផ្សែងពុលជាដើម ។ ទន្ទឹមនឹងការឈ្លានពានរបស់យោធាថៃ វីរៈកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន បានធ្វើការទប់ទល់ឈរជើងការពារយ៉ាងរឹងមាំ ដើម្បីការពារនូវអធិបតេយ្យបូរណភាពទឹកដីកម្ពុជា ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូននិវត្តន៍ទាំងអស់បន្តគាំទ្រ និង ជឿជាក់លើគណបក្សប្រជាជនកម្ពុជា និង ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ បានធ្វើឲ្យប្រទេសមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ (ទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះមានសន្តិភាព និងការអភិវឌ្ឍ) ។
ក្នុងនោះឯកឧត្តមក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ ប្រធានគណបក្ស ជូនដល់និវត្តជនទាំង១ពាន់១៤៦នាក់ ក្នុងម្នាក់ៗនូវថវិកាចំនួន ១០ម៉ឺនរៀល អង្ករ២០គីឡូក្រាម និងក្រមាចំនួន១ផងដែរ៕