(កំពង់ធំ)÷ លោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក សហការជាមួយមន្ត្រីជំនាញ និងប្រជាពលរដ្ឋ ចុះពិនិត្យមើលការស្នើសុំសម្រួល ដើម្បីពង្រីកផ្លូវដីសឡើងវិញ ដែលមានប្រវែងជាង៥គីឡូម៉ែត្រ ដើម្បីឱ្យបងប្អូនប្រជាកសិករងាយធ្វើដំណើរ ដឹកកសិផល និងសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលា ស្ថិតនៅភូមិតាម៉ិញ
ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក វណ្ណៈ សោភានិត បានគូសបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្ដេចនិងឯកឧត្តមកំពុងតែកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង ជាពិសេសផ្លូវដែលជាសរសៃឈាមនៃសេដ្ឋកិច្ច ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរលឿន ឆាប់រហ័ស មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងចំណេញពេលវេលា។
លោកអភិបាលស្រុកសន្ទុក និងមន្ត្រីជំនាញចុះត្រួតពិនិត្យការពង្រីកផ្លូវដីស ផ្តោតលើការមើលសភាពផ្លូវ និងតាមដានការងារជាក់ស្តែង ដើម្បីឱ្យផ្លូវមានស្តង់ដារល្អ ប្រើបានយូរ ជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានសម្ដែងពិការសប្បាយរីករាយ ព្រោះបានផ្លូវដីសថ្មីនេះ អាចជួយសម្រួលការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅកាន់ផ្សារ និងទៅសាលារៀនរបស់កូនៗបានងាយស្រួលជាងមុន។
លោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមចំណែកក្នុងការកសាងផ្លូវដីស ព្រោះផ្លូវនេះជួយឱ្យសេដ្ឋកិច្ចមូលដ្ឋានមានការរីកចម្រើន បង្កើនភាពរីករាយក្នុងជីវភាពរស់នៅ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនេះ ដោយប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងជួយគ្នារក្សាសណ្តាប់ធ្នាប់ អនាម័យ ដើម្បីឱ្យភូមិឃុំកាន់តែស្អាត មានសោភ័ណភាព និងមានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ៕





































