សៀមរាប: លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោកស្រី MATH AMIRORS នាយិកាប្រតិបត្តិ ក្រុមហ៊ុន DUBAI AMIRAKLETOUR និងជាប្រធានមជ្ឈមណ្ឌល និងក្រុមការងារពាណិជ្ជកម្មតភ្ជាប់រវាងទីក្រុងឌូបៃ និង ប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និង
ពិភាក្សាការងារពាក់ព័ន្ធវិស័យទេសចរណ៍ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ព្រមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ និង អ្នកផ្សព្វផ្សាយមាតិកាទេសចរណ៍មកពី អារ៉ាប់អេមីរ៉ាត ផងដែរនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
លោក ង៉ូវ សេងកាក់ បានឲ្យដឹងពីលទ្ធផលនៃកិច្ចពិភាក្សា ដោយបានផ្តោតទៅលើចំណុចសំខាន់ៗ រួមមាន ទី១. ពង្រឹងការតភ្ជាប់ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ភាគីទាំងពីរ បានពិភាក្សាអំពីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម (B2B) ការចូលរួមវេទិកា និងព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដើម្បីបង្ហាញពីសក្តានុពល និងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។ ទី២. បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ ផ្តោតលើការទាក់ទាញភ្ញៀវទេសចរពីទីផ្សារថ្មីៗ ជាពិសេសតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ី ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជាតិ និងបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។
ទី៣.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ជម្រុញកិច្ចសហការរវាងអាជ្ញាធរខេត្ត ជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងវិនិយោគិន ដើម្បីរួមចំណែកអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងលើកកម្ពស់គុណភាពសេវាកម្ម ឲ្យសមស្របតាមស្តង់ដារអន្តរជាតិ និង ទី៤. លើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានការកើនឡើងនៃចំនួនភ្ញៀវទេសចរ នឹងរួមចំណែកគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដូចជា ភោជនីយដ្ឋាន សិប្បកម្ម សណ្ឋាគារ និង សេវាកម្មមូលដ្ឋានផ្សេងៗ ដែលជាកត្តាសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្នុងជំនួបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ រវាងទីផ្សារអារ៉ាប់អេមីរ៉ាត និងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម និងជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ។
លោកស្រី MATH AMIRORS បានបញ្ជាក់ពីគោលបំណង និង សំណូមពរមួយចំនួន ដើមី្បជម្រុញដល់វិស័យទេសចរណ៍ចូលមកខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ មានភ្ញៀវទេសចរណ៍មកពីទីក្រុងឌូបៃ ព្រមទាំងអ្នកវិនិយោគទុន ដើមី្បបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា ក្នុងពេលដែលកម្ពុជារងគ្រោះដោយការឈ្លានពានពីប្រទេសថៃ ។ ម៉្យាងទៀតសុំ ដល់រដ្ឋបាលខេត្ត ជួយសម្រួលការងារមួយចំនួន ដល់ក្រុមការងាររបស់ខ្លួន ៕






































