ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់

0

By K D

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានបញ្ជាក់ថា៖ ទោះបីមមាញឹកក្នុងភារកិច្ចការពារបូររណភាពទឹកដី និងការបង្ក្រាបបទល្មើសការលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិក្នុងរដូវប្រាំងនេះ យ៉ាងណាក្តី តែការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតែធ្វើសកម្មភាពដូចភ្លៀងរលឹម មិនមានការដកថយឡើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត ទ្រី នាយទាហានប្រចាំការនៅទីបញ្ជាការស្រាល នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តដឹកនាំកងកម្លាំងទៅបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដាក់កាត់ទទឹងព្រែក នៅតំបន់ព្រែកឆេះកែវ ក្នុងឃុំពាមបាង ស្រុកស្ទោង ដោយបានបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង មានសាច់អួនក្រឡាញ់ញឹកចំនួន ៤របាំង ដែលមានប្រវែង ៣៧៥ ម៉ែត្រ ឡុកសាច់អួនចំនួន ៤ឡុក លបលូ ចំនួន ៤មាត់ ចាក់លែងត្រីចម្រុះប្រមាណជាង ១៩គីឡូក្រាម និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែប្តេជ្ញាចិត្តដាច់ខាត អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការដឹកនាំណែនាំដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តកំពង់ធំ បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ ពិសេសប្រជានេសាទ ត្រូវចូលរួមគោរពនិងអនុវត្តតាមច្បាប់ស្ដីពីជលផលថ្មី ដែលបានកែសម្រួលរួចហើយ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ប្រជានេសាទ ដើម្បីមានលទ្ធភាពប្រកបមុខរបរនេសាទ សម្រាប់ចិញ្ចឹមជីវិត និងដោះស្រាយជីវភាពគ្រួសារបានសមស្រប ៕