កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់អាងប្រព្រឹត្តកម្មទឹកកង្វក់ ប្រព័ន្ធរំដោះទឹកភ្លៀង និងសណ្តាប់ធ្នាប់ សោភ័ណ្ឌភាពក្រុងកំពង់ចាម ។
ក្នុងឱកាសចុះពិនិត្យទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យរៀបចំដាំ ដើមឈើ និងរៀបចំសោភ័ណ្ឌភាពបន្ថែមទៀត ដើម្បីជាកន្លែងសម្រាប់ ហាត់ប្រាណ អង្គុយលេង ជាដើម ។
ជាងនេះទៅទៀតឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននឹងកំពុងរៀបចំធ្វើជាស្ពានថ្ម ខ្លី មួយទៀតនៅ ចំណុចជិតវត្តបឹងស្ទាយ ហៅវត្តថ្មី ភ្ជាប់មកទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ដូចនេះប្រជាពលរដ្ឋ ទូទៅនឹងអាចធ្វើដំណើរឆ្លងកាត់បានមកកាន់ទីតាំងនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខណៈការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម សម្រេចបានជាង ៨២ភាគរយហើយ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ ក៏បានអញ្ជើញចុះពិនិត្យសួនផ្កាចម្រុះ នៅ ជិតគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដោយមានផ្កាឈូករត្ន័ ផ្ការីករាយ ផ្កាcosmo និងផ្កាត្រី សាន ដែលសរុបទាំងអស់ មានចំនួន១០ម៉ឺនកូន ដែលផ្កាទាំងនេះនឹងបញ្ចេញសម្រស់នៅពេលឆាប់ៗ ខាងមុខនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ៕





































