កំពង់ធំ៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០” ដើម្បីលើកស្ទួយវិស័យទេសចរណ៍ប្រាសាទសំបូរ
ព្រៃគុក និងតំបន់ជុំវិញ ក្លាយជាកន្លែង «ទៅឈប់ មកឈប់ ដោយបេះដូង» និងគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា និងស្នាក់នៅ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណ ១៥០នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យសេចក្តីព្រាង វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០ ដែលវិធានការគន្លឹះនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់រយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ទៅមុខ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ផងដែរថា វិធានការគន្លឹះនេះចងក្រងឡើងស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឱ្យខេត្តកំពង់ធំក្លាយជាកន្លែង «ទៅឈប់ មកឈប់ ដោយបេះដូង»។
ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ការគិតគូរលើយុទ្ធសាស្ត្រស្នូលនៃការអភិវឌ្ឍប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ គឺតាមទម្រង់ «គោលដៅស្នូល និងគោលដៅគាំទ្រ (Hub and Spoke Model)» ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងនិយម ដោយបានកំណត់គោលដៅស្នូល (Hubs)៖ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងគោលដៅគាំទ្រ (Spokes )៖ សហគមន៍កសិកម្មទំនើប ប្រាសាទសំបូររុងរឿង(ផ្តោតលើស្វាយចន្ទី) និងភូមិជនជា តិដើមភាគតិចកួយ។
ដើម្បីសម្រេចបាននូវការងារទាំងនេះ សេចក្តីព្រាងវិធានការគន្លឹះបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន៦ ដែលផ្តោតលើ៖ អភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍អាទិភាពក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។ ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍។ ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍។ ការរៀបចំយន្តការអនុវត្តដោយផ្អែកលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ជាក់ស្តែងក្នុងឆ្នាំ២០២៥ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរសរុបជាង ៨២ម៉ឺននាក់ រីឯភ្ញៀវទេសចរដែលទៅកម្សាន្តនៅប្រាសាទសំបូរព្រៃគុកមានប្រមាណតែ ៧ម៉ឺននាក់ប៉ុណ្ណោះ ដោយក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១.៦ម៉ឺននាក់ កើនឡើង ៥,៥% និងភ្ញៀវជាតិមានចំនួន ៥,២ម៉ឺននាក់ កើនឡើង ១៤,៦% ធៀបនឹងឆ្នាំ២០២៤។
កិច្ចប្រជុំនេះក៏មានការធ្វើបទឧទ្ទេសនាមដោយលោក ណេប សាមុត ប្រធានលេខាធិការដ្ឋានលើ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០», បទឧទ្ទេសនាមរបស់លោក អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ លើរបាយការណ៍ស្តីពី “Branding សំបូរព្រៃគុក៖ ចេនឡាមុនសម័យអង្គរ”, បទឧទ្ទេសនាមរបស់លោក គឹម សេរីរដ្ឋ សមាជិកលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ ទេសចរណ៍សៀមរាប-អង្គរ លើរបាយការណ៍ស្តីពី គម្រោងកែលម្អលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសា ទសំបូរព្រៃគុក និងបទឧទ្ទេសនាមរបស់ លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរងគ.ជ.វ.ទ. និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង លើរបាយការណ៍ ស្តីពី កិច្ចការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្រោមយុទ្ធនាការ «ទីក្រុងស្អាត ភូមិស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ»។
ជាលទ្ធផល អង្គប្រជុំបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាង «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០» និងឯកភាពគ្នាលើការដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដូចជា ការអភិវឌ្ឍគោលដៅ, ការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការធ្វើ Branding និងការផ្សព្វផ្សាយទីផ្សារ, ការពង្រឹងគុណភាពសេវាកម្ម និងធនធានមនុស្ស និងការរៀបចំយន្តការស្ថាប័ន៕





































