អាជ្ញាធរក្រុងសៀមរាបបញ្ជាក់ថាវត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែជា សសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់សីលធម៌សង្គមនិងការចែករំលែក ការអភិវឌ្ឍជាតិជារួម

0

សៀមរាប: ថ្លែងនៅក្នុងឱកាសចែកអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១០០គ្រួសារនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប កាលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៦នេះ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាបបានថ្លែងថាវត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែជា ជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់សីលធម៌សង្គមនិងការចែករំលែក ការអភិវឌ្ឍជាតិជារួម ។
លោក ហាយ យង់ ក៍បានមានប្រសាសន៍ថ្លែងអំណរព្រះគុណចំពោះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលកន្លងមកសកម្មភាពរបស់ព្រះតេជព្រះគុណ មិនត្រឹមតែជួយសម្រាលបន្ទុករបស់អាជ្ញាធរដែនដីប៉ុណ្ណោះទេប៉ុន្តែថែមទាំងជា “ឱសថទិព្វ” ជួយព្យាបាលផ្លូវចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់ជនងាយរងគ្រោះ ឱ្យមានកម្លាំងចិត្តតស៊ូក្នុងជីវិតបន្តទៀត។ នេះគឺជាសក្ខីភាពបញ្ជាក់ថា វត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែជា មជ្ឈមណ្ឌលចែករំលែក និងជាទីពឹងផ្អែករបស់សង្គមជាតិ។ ក្នុងនាមអាជ្ញាធរដែនដីលោកអភិបាលរងក្រុងសៀមរាបប្តេជ្ញានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃគ្រប់ព្រះអង្គដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ ។
លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានមានប្រសាសន៍ថាចំពោះអំណោយដែលមានជាជាគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្នុងសង្កាត់នាពេលនេះគឺបានមកពីបងប្អូនសប្បុរសជនដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលសង្កាត់គោកចក ហើយក្នុងនោះដែរក៍បានការចូលរួមឧបត្ថម្ភពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកផងដែរ។ លោកស្រីចៅសង្កាត់គោកចក បន្តថាស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ដែលបងប្អូនទទួលបាននៅថ្ងៃនេះ ទោះបីមានតម្លៃមិនច្រើនប៉ុន្តែវាជា “ទឹកចិត្ត” និងការខ្វល់ខ្វាយរបស់អាជ្ញាធរចំពោះជីវភាព និងការរស់នៅរបស់បងប្អូនហើយនេះគឺជាសក្ខីភាពដែលបង្ហាញថា “អាជ្ញាធរមិនទុកបងប្អូនចោលឡើយ” ជាពិសេសក្នុងទិដ្ឋភាពនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថាការដែលយើងមានចិត្តមេត្តាចេះចែករំលែកនូវស្បៀងអាហារដល់អ្នកដែលកំពុងខ្វះខាត និងជនភៀសសឹកនាពេលនេះ គឺជាទានបារមីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះពុទ្ធសាសនា ការឲ្យទាននូវអាហារ ឈ្មោះថាឲ្យនូវកម្លាំងហើយទង្វើនេះមិនត្រឹមតែជួយជីវិតមនុស្សឱ្យរស់បាននោះទេប៉ុន្តែវាគឺជាការសាបព្រោះគ្រាប់ពូជនៃសន្តិភាពនិងក្ដីស្រឡាញ់នៅក្នុងសង្គម។ សូមឱ្យបុណ្យកុសលនេះ តាមជួយថែរក្សាញាតិញោមឲ្យជួបតែសេចក្ដីសុខគ្រប់ប្រការ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមទៀតថាវត្តអារាមជានិមិត្តរូបនៃជនជាតិខ្មែរ ដែលជនជាតិខ្មែរនៅទីណាត្រូវតែមានវត្តអារាមនេះផងហើយវត្តគឺជាកន្លែងប្រជុំរបស់ប្រជាជនគ្រប់វ័យ និងវណ្ណៈដោយគ្មានការរើសអើង ដែលទទួលកូនខ្មែរជាសិស្សានុសិស្សក្រីក្រឲ្យស្នាក់នៅសិក្សារៀនសូត្រនិងស្វែងយល់ពីប្រពៃណីទំនៀមទំលាប់ជាតិ និងជាកន្លែងចែករំលែកទាន/បច្ច័យបួន ដែលជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់រដ្ឋ និងប្រជាជន ដោយក្នុងនោះដែរហើយ”ព្រះពុទ្ធសាសនានិងរដ្ឋ” តែងតែដើរទន្ទឹមគ្នានិងជាបង្អែកដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋជានិច្ច៕