កម្មវិធីជិះកង់ដើម្បីសុខភាព និងមិត្តភាព ជុំវិញតំបន់ភ្នំសន្ទុក ដឹកនាំដោយលោក ពៅ វណ្ណា ដោយមានការជិះកង់ឡើងភ្នំសន្ទុក និងឆ្លងឧបសគ្គពី ភ្នំមួយទៅភ្នំមួយទៀត

0

កំពង់ធំ÷ នៅវត្តគិរីសុខសាន្ត ស្ថិតនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កម្មវិធីជិះកង់ដើម្បីសុខភាព និងមិត្តភាព ជុំវិញតំបន់ភ្នំសន្ទុកដឹកនាំដោយលោក ពៅ វណ្ណា សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៦។

កម្មវិធីនេះផងដែរមានការចូលរួមសម្របសម្រួលពីសំណាក់ លោក វណ្ណៈ សោភានិត អភិបាល នៃគណៈអភិបាលស្រុកសន្ទុក និងជាសមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ លោក សន វឿន សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសន្ទុក និងមន្ត្រីអមដំណើរជាច្រើននាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះលោក វណ្ណ: សោភានិត អភិបាលស្រុក សន្ទុក និងជាសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា មានមតិសំណេះសំណាលជាមួយក្រុមយុវជនកីឡាករជិះកង់ ដែលបានមកចូលរួមមានចំនួនច្រើនរហូតដល់៤៨កង់ ប្រភេទកង់ភ្នំ។

លោក វណ្ណ: សោភានិត អភិបាល នៃគណៈអភិបាលស្រុកសន្ទុក បានលើក ឡើងថា ថ្ងៃនេះមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលរួមបើកកម្មវិធីជួបជុំយុវជនជិះកង់មិត្តភាព នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រភ្នំសន្ទុក។ កម្មវិធីនេះមិនត្រឹមតែជាការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពសង្គម ដែលបង្កើនសាមគ្គីភាព មិត្តភាព និងការយល់ដឹងអំពីការថែរក្សាបរិស្ថាន និងអភិរក្សបេតិកភណ្ឌជាតិ។ ការជិះកង់ហាត់ប្រាណ និងក្លាយជាគំរូល្អក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាតំបន់ភ្នំសន្ទុកកាន់តែច្រើនឡើង។

លោក ពៅ វណ្ណា សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ បានលើកទឹកចិត្តដល់យុវជនជាច្រើននាក់បានចូលរួមក្នុងកម្មវិធីជួបជុំជិះកង់មិត្តភាព ដែលរៀបចំឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ភ្នំសន្ទុក ក្នុងគោលបំណងលើកកម្ពស់សុខភាព បង្កើនសាមគ្គីភាព និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងតំបន់។ សកម្មភាពជិះកង់លើផ្លូវភ្នំឡើង-ចុះ ដែលជាបទពិសោធន៍ថ្មី សម្រាប់អ្នកស្រឡាញ់កីឡាជិះកង់ និងអ្នកទេសចរណ៍។ ក្រុមយុវជនបានផ្លាស់ប្តូរបទពិសោធន៍ អំពីបច្ចេកទេសជិះកង់លើផ្លូវភ្នំ ការថែរក្សាសុវត្ថិភាព និងការអភិរក្សបរិស្ថាន។ ជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន៕អត្ថបទលោក ធូ កែវមុន្នី