បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការក្រុងកំពង់ធំ យោធភូមិភាគទី ៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែកុម្ភៈ ឆ្នាំ ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ។ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះ យ៉ាងច្រើនកុះករ ។

លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ ដែលសម្រេចបាន ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ និងសេចក្តីព្រាងស្ដីពីទិសដៅសម្រាប់អនុវត្តបន្តផងដែរ។

បន្ទាប់ពីអង្គប្រជុំបានឡើងធ្វើបទអន្តរាគមន៍ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងថ្លៃងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងយោធិនគ្រប់រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យតាមផែនការដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានប្រគល់ជូន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងវិន័យ តួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ នឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្ត បន្ត មានជាអាទិ :
ទី១: ត្រូវបន្តត្រៀមបម្រុងកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងសម្ភារៈគ្រប់គ្រាន់ ត្រៀមអនុវត្តបទបញ្ជាក្នុងភារកិច្ចការពារបូរណភាពទឹកដី ។ ទី២: ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងទី៣: ត្រូវបន្តសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ កងកម្លំាង​ប្រដាប់​អាវុធ​ទាំង​បី​ ក្នុង​ការ​អនុវត្ត​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ ពិសេស​ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អនឡាញ​ស្គែម​ និង​ យកចិត្តទុកដាក់ក្នុងការបម្រើ និងដោះស្រាយការលំបាកជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ប្រកបដោយគុណធម៌ ដោយអនុវត្តន៍តាមទិសស្លោក កងទ័ពជាកូនចៅរបស់ប្រជាជន និងអ្វីៗដើម្បីប្រជាជន ។