សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភានៃកម្ពុជា សរសេរលើបណ្តាញសង្គមការងារផ្លូវការ នាវេលាព្រឹកទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ពាក់ព័ន្ធនឹងពិធីបុកល័ក្ខ ដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរយូរលង់មកហើយ។
តាមរយៈសំណេរ សម្តេចតេជោ បានបញ្ជាក់ថា ការសម្តែងដើរតួជាជនជាតិឥស្លាមក្នុពិធីបុកល័ក្ខ ពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញការសម្តែងនេះ មានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។
សំណេររបស់សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភះ២០២៦នេះនៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរខ្ញុំបានឃើញការ បំភ្លឺរបស់អ្នកនាងខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បះទាក់ទងដល់វិធីបុកលក្ត័ក្នុង ពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។ ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឲ្យបានច្បាស់នូវចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។
ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។ បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរ ដែលទៅរកលក្ត័នៅពេលឆ្លងទឹក។
សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមកខ្ញុំតែងទៅ ចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀត ខ្ញុំរៀបការកូន៥នាក់ ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។
កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកលក្ត័ ដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។
ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាពជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍និងសាសនានោះទេ។ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល»៕
បន្ថែមពីនេះ សម្តេចតេជោបានសរសេរក្នុងខំមឹនថែមទៀតផងដែរថា: ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាមបង្ហាញឲ្យឃើញថាបងប្អូនមិនបានជំទាស់និងការសំដែងដែលមានតួរសំដែងជាបងប្អូនខ្មែរឥស្លាមនោះទេ។ អ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេជនិងឥរិយាបទសំដែងខ្លះ ខ្វះការគោរពចំពោះព្រះរបស់ឥស្លាម ទើបធ្វើឲ្យមានប្រតិកម្ម។ រឿងនេះសូមបងប្អូនគ្រប់ក្រុមសំដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។ បងប្អូនឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់នូវព្រះអល់ឡោះឬព្រះអាឡាដូចនេះមិនអាចសំដែងប៉ះពាល់បានទេ។ ដូចនេះបញ្ហានេះ បានចាប់ផ្តើមចេញពីការមិនយល់ពីតួរអង្គសំដែង ឬក្រុមសំដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ទាំងពាក្យសំដីទាំងកាយវិការសម្រាប់ការសំដែង
ជៀសវាងឲ្យខាងតែបាននូវពាក្យពេជ្រ ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។ សូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជា បន្តរីកចម្រើនតទៅមុខទៀត។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបាតុភាពនេះ លោក ដួង សុខគា ដែលជាអ្នកសិល្បៈ ហើយក៏ជាអ្នកបង្កឱ្យផ្ទុះបាតុភាពនេះឡើង បានចេញមកសូមទោសបងប្អូនខ្មែរឥស្លាម សម្រាប់ភាពឆ្គាំឆ្គងនៃការសម្តែងពាក់ព័ន្ធតួអង្គខ្មែរឥស្លាមផងដែរ៕






































