សៀមរាប៖ អគារសិក្សា ១ខ្ន ១បន្ទប់ ធ្វើអំពីថ្មប្រកក្បឿង នៃសាលាបឋមសិក្សា ម៉ាមីស្សា ស្ថិតក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាអំណោយរបស់លោក Tare Mamisch ជាសប្បុរសជនជនជាតិអាល្លឺម៉ង់ បានផ្តល់តាមរយៈលោក ស៊ត់ ចន្ថា ប្រធានអង្គការចក្ខុវិស័យកម្ពុជា ត្រូវបានសម្ពោធកាត់ខ្សែ
បូរដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី ០៣ខែ មីនា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោក ហុន ហួន ប្រធានក្រុមប្រឹក្សាស្រុកស្វាយលើ និង លោក ពិន សារិន អភិបាលរងនៃគណៈអភិបាលស្រុកស្វាយលើ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជា ២០០នាក់ចូលរួម ។
មានប្រសាសន៍នោះដែរ លោក ពិន សារិន បានសំដែងអំណរគុណ ចំពោះលោក Tare Mamisch និង អង្គការចក្ខុវិស័យកម្ពុជា និង បងប្រុសបងស្រី ដែលបានផ្តល់ដីសម្រាប់សាងសង់សាលា ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចការស្តារ និង អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ដែលបាន សបញ្ជាក់ពីការផ្សាភ្ជាប់រវាងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការបម្រើសេវាសាធារណៈ និងប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំ ដែលអាចទទួលយកបាន ក្នុងស្ថានភាពនៃការរីកចម្រើនរបស់ពិភពលោកផងដែរ។ លោក ពិន សារិន បានលើកឡើងថា ការលើកស្ទួយគុណភាពខាងសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ និង មានមនសិការស្នេហាជាតិ វិជ្ជាជីវៈ ដោយគ្មានការរើសអើងខាង យេនឌ័រ រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពសង្គម ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជន ក្នុងការទទួលការអប់រំ ។
ក្នុងនោះដែរ លោកក៏បានលើកនូវនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកវិស័យអប់រំជាអទិភាព ក្នុងការពង្រឹងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស ។ សារៈសំខាន់នៃការកែលម្អរ បរិស្ថានអប់រំ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ លោកអភិបាលរងស្រុកបានបន្តថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួកបានការសិក្សា អប់រំពេញមួយជីវិត ដែលមានការពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់។
លោក ស៊ត់ ចិន្ថា ប្រធានប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានលើកឡើងថា អង្គការបានកំពុងរួមចំណែកយ៉ាងសកម្មលើកវិស័យអប់រំ សុខុមាលភាព ទឹកស្អាត អនាម័យ បរិស្ថាន និងផ្គត់ផ្គង់ស្បៀងអាហារ និងការកសាងអគារសិក្សានៅតាមមូលដ្ឋានជនបទនៅតាមស្រុកគោលដៅ ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ ។ លោកបានបន្តទៀតថា បច្ចុប្បន្ននេះ អង្គការចក្ខុវិស័យកម្ពុជា បានយកចិត្តទុកដាក់ចំពោះប្អូនៗជា សិស្សានុសិស្សគ្រប់កម្រិតនៅតាមមូលដ្ឋានស្រុកស្វាយលើ ក្នុងគោលដៅបណ្តុះគ្រាប់ពូជពីថ្នាក់មូលដ្ឋានទៅ ដោយ បានផ្តល់អាហារូបករណ៍ដល់សិស្សដែលសិក្សារៀនសូត្រពូកែ ព្រមទាំងបន្តជួយដល់សាកលវិទ្យាល័យទៀតផង ។ ម៉្យាងទៀត បើសិស្សរូបណាដែលមិនបានចូលវិទ្យាល័យ តែមិនបានខិតខំសិក្សា អង្គការចក្ខុវិស័យកម្ពុជា នឹងត្រូវផ្តាក់ អាហារូបករណ៍ចំពោះសិស្សរូបនោះផងដែរ ។
មានចំណាប់អារម្មណ៍នោះដែរ លោក Tare Mamisch ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះសិស្សទាំងអស់ ដែលចូលមកសិក្សាគ្មានទីជម្រកត្រូវទៅតាមស្តង់ដារ គរុកោសល្យអប់រំ ដែលធ្វើឲ្យសិស្សមានការលំបាកក្នុងការរៀនសូត្រ។ ដើមី្បចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទើបរូបលោក បានបរិចាធនធានផ្ទាល់ខ្លួន តាមរយៈអង្គការចក្ខុវិស័យកម្ពុជា ក្នុងការសាងសង់អគារមត្តេយ្យជូន សាលាបឋមសិក្សា ម៉ាមីស្សា ដើមី្បបានក្មួយៗតូចៗ បានសិក្សារៀនសូត្រ ពីព្រោះថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺត្រូងបណ្តុះពី គ្រឹះក្រោមឲ្យបានរឹងមាំ នោះការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ៕






































