ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបនើប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគម
អតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន និងគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក យូ យ៉ានី ដែលធ្លាប់បានចូលរួមចំណែកជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការការពារទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចូលរួមកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងខេត្តកំពង់ធំ ដែលបានទទួលមរណភាពដោយរោគាពាធនាពេលនេះ ។
លោកស្រី ហួ ឡៃហួត បានរៀបរាប់ថា៖ លោក យូ យ៉ានី ត្រូវជាស្វាមីរបស់គាត់ មានអាយុ ៦៣ឆ្នាំ ធ្លាប់បានចូលបម្រើក្នុងជួរនគរបាល នៅឆ្នាំ១៩៨៩ នៅអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានឋានន្តរស័ក អនុសេនីយ៍ឯក ហើយត្រូវបានក្រសួងមហាផ្ទៃ បានដាក់ឱ្យចូលនិវត្តន៍ នៅឆ្នាំ២០១៩ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកអនុសេនីយ៍ឯក យូ យ៉ានី ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី ហួ ឡៃហួត ដែលត្រូវជាភរិយា និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ ។






































