អាជ្ញាធរខេត្តស្ទឹងត្រែង ពន្លឿនលើការពង្រីកកំណាត់ផ្លូវលេខ៦៤ ដើម្បីសម្រួលដល់ការកកស្ទះ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែប្រសើរ

0

ខេត្តស្ទឹងត្រែង៖ កំណាត់ផ្លូវលេខ៦៤ គឺជាផ្លូវ១ខ្សែ ដែលតភ្ជាប់ពីរង្វង់មូលផ្លែម្នាស់ (ច្រមុះជ្រូចចំការម៉ៃសាក់) មកដល់ផ្លូវប្រសព្វជា៤ នៃរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ នៅចំកណ្តាលបេះដូងក្រុងស្ទឹងត្រែង ដែលផ្លូវនេះត្រូវបានប្រជាពលរដ្ឋ និងអ្នកទេសចរ ចាត់ទុកជាផ្លូវដ៏មានសារៈសំខាន់មួយ ក្នុងការធ្វើចរាចរណ៍ចូលមកទស្សនាក្នុងដែនដីរដ្ឋបាលខេត្ត និងការដឹកជញ្ជូនកសិផលនានាពីទីជនបទដាច់ស្រយាល មកកាន់ផ្សារសាមគ្គី ក៏ដូចផ្សារនានាទៀត ក្នុងក្រុងស្ទឹងត្រែង ផងដែរ។

កំណាត់ផ្លូវលេខ៦៤ ត្រូវបានអាជ្ញាធរខេត្ត ក្រុង និងមន្ទីរជំនាញសាធារណការ និងដឹកជញ្ជូនខេត្ត រួមគ្នាយ៉ាងសស្រាក់សស្រាំ ពន្លឿនលើការពង្រីកពីតូចចង្អៀត ឲ្យមានលក្ខណៈធំទូលាយក្នុងទំហំទទឹងប្រមាណ ១៥ម៉ែត្រ ចាក់ក្រាលបេតុងក្នុងកម្រិតស្តង់ដា សាងសង់ប្រព័ន្ធលូបង្ហូរទឹកដ៏ធំទូលាយ ដែលជារនាំងក្នុងហូរច្រោះដាច់ផ្លូវក្នុងរដូវវស្សា និងកសាងផ្លូវថ្មើជើងអមសងខាងផ្លូវ ស្របជាមួយនឹងការកាត់សំយ៉ាបផ្ទះ រុះរើតូបលក់ដូរ​ ដែលសង់រំលោភលើដីចំណីផ្លូវរដ្ឋ រក្សាបាននូវសណ្តាប់ធ្នាប់ និងលើកកម្ពស់សោភណ្ឌភាពក្រុងស្ទឹងត្រែង ឲ្យកាន់តែមានការទាក់ទាញថែមទៀត។

រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ លោក សរ សុពុត្រា នាអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលការកាន់តំណែងនេះមិនទាន់បាន ២ឆ្នាំផង លោកអភិបាលខេត្ត បានខិតខំអភិវឌ្ឍសមិទ្ធផលនានា រីកដុះដាលយ៉ាងឆាប់រហ័សលើគ្រប់វិស័យ កែប្រែមុខមាត់ក្រុង/ខេត្តស្ទឹងត្រែង ប្រែពីផ្កាក្រមុំគ្មានក្លិនក្រអូបឲ្យក្លាយជាផ្ការីកចោលក្លិចឈ្ងុយឈ្ងប់ បើទោះបីស្ថិតក្នុងរដូវស្លឹកឈើជ្រុះក៏ដោយចុះ ដែលនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី លើទឹកដីស្ទឹងត្រែង ។

នៅក្នុងសកម្មភាពរបស់មន្ត្រីជំនាញសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្នុងការកាត់សំយ៉ាបផ្ទះ រុះរើតូបដែលសង់រំលោភលើដីចំណីផ្លូវរដ្ឋ ការរៀបចំប្រព័ន្ធលូប្រអប់ រៀបចំឲ្យមានលក្ខណៈស្តង់ដាបច្ចេកទេស និងសកម្មភាពនានា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលំអរសោភណ្ឌភាពក្នុងក្រុង លោក សរ សុពុត្រា តែងចុះជួប និងពិនិត្យសកម្មភាពរបស់មន្ត្រីជំនាញមិនដែលខកខានឡើយ បើទោះបីលោកអភិបាលខេត្ត មានការមមាញឹកក្នុងកិច្ចការងារដឹកនាំរដ្ឋបាលខេត្តយ៉ាងណាក្តី។ សកម្មភាពរបស់លោកអភិបាលខេត្តបែបនេះ ត្រូវគេមើលឃើញថា បានធ្វើឡើងជាប់ជាប្រចាំ និងផ្តល់ភាពកក់ក្តៅដល់មន្ត្រីក្រោមឱវាទ។

ជុំវិញការកែសម្រួលផ្លូវលេខ៦៤នេះ អភិបាលក្រុងស្ទឹងត្រែង លោក លី មីណា បានឲ្យដឹងថា ពាក់ព័ន្ធនឹងការជួសជុលផ្លូវលេខ៦៤នេះ គឺក្នុងគោលបំណងពង្រីកតួផ្លូវដែលមានស្រាប់ ឲ្យមានស្ថានភាពធំទូលាយជាងនេះ,រៀបរយសណ្តាប់ធ្នាប់សងខាងផ្លូវ មានន័យថារៀបរយចំណីផ្លូវទាំងអស់ឡើងវិញ ឲ្យត្រឹមត្រូវទៅតាមការកំណត់ដែលមាននៅក្នុងច្បាប់ ស្តីពីការប្រើប្រាស់ផ្លូវថ្នល់ ព្រោះការប្រើប្រាស់របស់ប្រជាពលរដ្ឋលើដីចំណីផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ជាពិសេសការធ្វើចរាចរណ៍ធ្វើឲ្យមានការកកស្ទះ។

លោក លី មីណា បានបន្តថា ផ្លូវនេះយើងនឹងស្ថាបនាឡើងវិញនូវប្រព័ន្ធលូសងខាង ដោយឡែក សម្រាប់ការរុះរើសំណង់របស់ប្រជាពលរដ្ឋ (របង រោង រាន) គឺប្រជាពលរដ្ឋអបអរសាទរ បើទោះជាមានការប៉ះពាល់ ដល់ប្រយោជន៍របស់ពួកគាត់ក៏ពិតមែន ប៉ុន្តែ អ្វីដែលសំខាន់ គឺគាត់គិតពីប្រយោជន៍រួម ប្រយោជន៍សាធារណៈជាធំ។

ក្នុងនាមអាជ្ញាធរ និងមន្ទីរជំនាញ លោក លី មីណា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរូតរះក្នុងការរុះរើសំណង់របស់ខ្លួនឲ្យបានលឿន ទន្ទឹមនោះសូមកុំសង់សំយ៉ាប ឬ ក៏រោង រាន ចេញមកចំណីផ្លូវទៀត ក្រោយការកែលំអរផ្លូវរួច។ លោកបានសម្តែងការអរគុណ ចំពោះប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ សម្រួលដល់ការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លោក ស គឹមណាត បានថ្លែងឲ្យដឹងថា នេះជាគម្រោងពង្រីកផ្លូវ ដែលផ្លូវនេះមានការចរាចរណ៍ឆ្លងកាត់ច្រើន ហើយជាផ្លូវចាស់ក្រាលកៅស៊ូDBST មានរយៈពេល ១៥ឆ្នាំមកហើយ ផ្លូវនេះមានទំហំទទឹង ៩ម៉ែត្រ និងនៅពេលនេះមានការពង្រីកក្នុងទំហំទទឹង ១៥ម៉ែត្រ ដោយចាក់ជាផ្លូវបេតុងទទឹង ១០ម៉ែត្រ មានប្រវែងមានប្រវែង ៤៧៥ម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកជា៤ គីឡូម៉ែត្រលេខ២ មកដល់ចំណុចមុខស្នងការដ្ឋាននគរបាលខេត្ត និងក៏មានដាក់លូប្រអប់សងខាងផ្លូវ មានជម្រៅ ១ម៉ែត្រ និងទំហំមាត់កាត់ ៧០សង់ទីម៉ែត្រ ហើយផ្លូវនេះនឹងត្រូវប្រើប្រាស់រយៈពេលប្រមាណ ៣ខែ ទើបសាងសង់រួច ជាផ្លូវគម្រោងថ្នាក់ក្រោមជាតិ។

លោក សរ គឹមណាត បានបន្តថា ក្រៅពីគម្រោងកែលំអរសោភណ្ឌភាពផ្លូវនេះ ក៏នៅមានគម្រោងជួសជុលមួយទៀតនៅជិតផ្សារធំសាមគ្គី ដែលកំពុងដំណើរការចាក់បេតុង ហើយមន្ទីរសាធារណៈការ គឺជាសេនាធិការឲ្យខេត្ត ជួយខេត្តក្នុងបច្ចេកទេស សំអាត ពង្រីកផ្លូវ ផលប៉ះពាល់ និងការកាត់សំយ៉ាបជាដើម។ លោកថា នៅក្នុងឆ្នាំ២០២៦នេះ ថ្នាក់ជាតិ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន) បានទុកថវិកាមួយចំនួនដល់មន្ទីរសាធារណការខេត្ត សម្រាប់ការថែទាំងផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ និងផ្លូវជាតិលេខ៧៨ ។ ចំពោះផ្លូវជាតិលេខ៩ មន្ទីរបានធ្វើការជួសជុលឡើងវិញមានប្រវែង ៩គីឡូម៉ែត្រ និងធ្វើស្ពានបេតុង១កន្លែង មានទទឹង១០ម៉ែត្រ និងបណ្តោយ ៤៨ នៅលើផ្លូវ២១៨៨ ស្ថិតក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ដែលនឹងដំណើរការសាងសង់ នៅប្រមាណ ១០ថ្ងៃទៀតខាងមុខនេះ។

លោក ស គឹមណាត បានបញ្ជាក់ថា នៅចំណុចផ្លូវប្រសព្វជា៤ គីឡូម៉ែត្រលេខ២ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នោះ លោកនឹងសុំយោបល់ទៅលោកអភិបាលខេត្ត នឹងធ្វើការគូសគំនូស និងដាក់ផ្លាកសញ្ញាចរាចរណ៍ជាសំគាល់ ដើម្បីបង្ហាញដល់សាធារណៈជនឲ្យបានដឹងថា នេះជាស្លាកសញ្ញាចរាចរណ៍ថា តើនរណាត្រូវទៅមុន និងនរណាត្រូវទៅក្រោយ ដើម្បីបញ្ជៀស និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅទីនេះ។

សូមជម្រាបថា ក្នុងពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តស្ទឹងត្រែង បាននិងកំពុងដំណើរការសាងសង់រង្វង់មូលថ្មីមួយទៀត នៅត្រង់ចំណុចផ្លូវប្រសព្វជា៤ នៃគីឡូម៉ែត្រលេខ៤ ស្ថិតក្នុងក្រុងស្ទឹងត្រែង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ បញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ មានសណ្តាប់ធ្នាប់ល្អ និងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុងស្ទឹងត្រែង ឲ្យកាន់តែប្រសើរឡើងថែមទៀត៕ដោយ៖ឡុង សំបូរ