កំពង់ធំ÷ អភិបាលស្រុកស្ទោង បានលើកឡើងថា សុខទុក្ខពលរដ្ឋក្នុងមូលដ្ឋានគឺជាសុខទុក្ខរបស់មន្ត្រីផ្ទាល់ លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ ឧបត្ថម្ភស្បៀង គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋងាយរកហានិភ័យនៅក្នុងឃុំពពក ស្រុកស្ទោង
ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៦។
លោកបានសង្កត់ធ្ងន់ ប្រសិនបើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានបញ្ហាណាមួយនោះ អាជ្ញាធរភូមិ ឃុំ និងជំនាញពាក់ព័ន្ធត្រូវដុតដៃ ដុតជើងប្រញាប់ប្រញាល់ជួយឱ្យអស់ពីលទ្ធភាព និងបន្ទាន់បំផុតដែលជាការរួមសុខរួមទុក្ខជាមួយគ្នា រកឱ្យឃើញនូវបញ្ហា ព្រមទាំងដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត លើសពីនេះ បើពលរដ្ឋក្នុងមូលដ្ឋានរស់នៅប្រកបដោយសុខសុវត្ថិភាពមានសុខុមាលភាពបរិបូណ៌នេះមន្ត្រីត្រូវខិតខំរួមរស់ និងលើកកម្ពស់ កិច្ចការនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។
បន្ថែមពីនេះលោក សាយ គឹមឡម បានលើកទឹកចិត្តដល់អាជ្ញាធរឃុំពពក ត្រូវខិតខំផ្ដល់សេវាប្រកបដោយតម្លាភាពឆាប់រហ័ស ជាពិសេសត្រូវពន្លឿននិងធ្វើបច្ចុប្បន្នភាពប័ណ្ណគ្រួសារក្រីក្រ និងហានិភ័យជូនពលរដ្ឋឱ្យបានឆាប់រហ័សអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន ដើម្បីអត្ថប្រយោជន៍ពួកគាត់និង ត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ការជួបជួបសំណេះសំណាលនៅក្នុងឱកាសនេះមាន ពលរដ្ឋងាយរងហានិភ័យចំនួន១៥គ្រួសារ ហើយលោក សាយ គឹមឡម បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ សម្លៀកបំពាក់មួយចំនួនទៀតផងដែរ។






































