លោក‎អភិបាលប្រាសាទបល្ល័ង្ក ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ ២ខ្សែ ប្រវែងជាង ៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ

0

(កំពង់ធំ)៖ លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យស្ថានភាព ការស្ថាបនាផ្លូវចំនួន ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

‎លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំង(AFD) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខ្សែផ្លូវបន្ថែមចំនួន២ខ្សែ ក្នុងឃុំសាលាវិស័យ សម្រាប់សាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)និងកម្រាលបេតុង ដែលនឹងកំពុងសាងសង់ និងដំណើរការស្ថាបនានេះ។

ក្នុងនោះលោកមេឃុំបានបញ្ជាក់ថា÷ការដំណើរការនៃគម្រោងសាងសង់បានចាប់ផ្ដើមមានផ្លូវ២ខ្សែ ក្នុងភូមិសាស្ត្រឃុំសាលាវិស័យ រួមមាន÷ ខ្សែទី១ ប្រវែង៣.៤៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ទៅភូមិអូរគ្រូកែ ឃុំសបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ខ្សែទី២ ប្រវែង ៤.៨១គីឡូម៉ែត្រ តភ្ជាប់ពីភូមិខ្មាក់ ទៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ។

លោក គង់ សំអាត អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក មានប្រសាសន៍ថា ផ្លូវ និងស្ពាន គឺជា សរសៃឈាមសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ នៃយុទ្ធសាស្ត្របញ្ចកោណ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) របស់រាជរដ្ឋាភិបាលកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះជួយសម្រួលការធ្វើដំណើរ ដឹកជញ្ជូនកសិផល ជំរុញទេសចរណ៍ និងតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋានទៅកាន់ទីផ្សារ ពិសេសតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។

‎លោកអភិបាលនៃគណៈអភិបាលស្រុក បាន​ឱ្យដឹងថា ផ្លូវ​មួយ​ខ្សែ​នេះ បានសម្រួលដល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រាស័្រយទាក់ទងគ្នាពីភូមិមួយទៅភូមិមួយនៅក្នុងមូលដ្ឋានឃុំ ស្រុក ដោយ​បងប្អូន​នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំសាលាវិស័យ ទាំងប្រាំង និងវស្សា ក្រៅពីការធ្វើស្រូវចំការ បាន​ធ្វើការដាំបន្លែ​បង្កាគ្រប់មុខរួមផ្សំដើមី្បផ្គត់ផ្គង់ដល់ទីផ្សារទៀតផង។ម៉្យាងទៀតផ្លូវមួយខ្សែនេះ ជួយសម្រួលដល់ចរាចរណ៍របស់សិស្សានុសិស្ស ,ដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ,ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារជាដើម។

‎លោក​បបានសំណូមពរនិងជំរុញលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ដែលកំពុងស្ថាបនាផ្លូវមួយខ្សែនេះត្រូវធ្វើយ៉ាងណាធ្វើតាមបច្ចេកទេសស្តង់ដារធានាឱ្យបាននៅគុណភាពនិងស្តង់ដាដែលបានចុះកិច្ចសន្យានិងកិច្ចព្រមព្រៀង ក្នុងការស្ថាបនាផ្លូវ សំណង់​សិល្បៈការ្យ ដើមី្ប​ធានានូវគុណភាព និងការប្រើប្រាស់​ឱ្យ​បាន​យូរអង្វែង ព្រម​ទាំង​បាន​គូស​បញ្ជាក់​ថា ស្ថិតនៅក្រោមម្លប់សុខសន្តិភាព ប្រទេសជាតិ យើង​ក៏​មាន​ការអភិវឌ្ឍលើគ្រប់វិស័យតាំងពីទីប្រជុំជនមកដល់ជនបទ។ កត្តា​សំខាន់​នោះ​ គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ពិសេសសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋយើង (មានផ្លូវគឺមានក្តីសង្ឃឹម)។ ដូច្នេះ យើងគ្រប់រូប ត្រូវអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ, ដឹងគុណជានិច្ចមគ្គទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករ នៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ព្រមទាំងបង្កើតបានសន្តិភាព និងការបង្រួបបង្រួមទឹកដីពេញលេញនៅកម្ពុជា នាំមកនូវការអភិវឌ្ឍន៍ ។

‎ លោកអភិបាលស្រុក ថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារស្ថាបនាផ្លូវ ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវពិតជាមានសារសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ ទីប្រជុំជន និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

‎  ក្នុង​នោះលោក​ក៏​បាន​ធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅតាមដងផ្លូវនេះ ត្រូវចូលរួម​សហការ​ជា​មួយ​ក្រុមហ៊ុនសាងសង់ ក្នុងការសម្រួល លើការស្ថាបនាផ្លូវមួយខ្សែនេះឱ្យមានភាពល្អប្រសើរ និងជួយពន្លឿននៅក្នុងការសាងសង់ផ្លូវឱ្យបានលឿនតាមផែនការដែលបានគ្រោងទុក ពិសេសផលប៉ះពាល់ អាជ្ញាធរមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមដោះស្រាយនិ ងលះបង់ជាសាធារណៈ ដើម្បីឱ្យផ្លូវយើងមានភាពធន់ មានគុណភាព និងមានសោភ័ណភាព ដែលពោលគឺហេដ្ឋារចនាសម្ព័ន្ធជនបទមានភាពល្អ ស្អាត ប្រកបដោយភាពស្រស់បំព្រង ។