កំពង់ធំ÷ លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន អមដំណើរដោយលោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ភ្នាក់ងារសុខសត្វភូមិ ដោយមានកិច្ចសហការពីមន្រ្តីការិយាល័យកសិកម្ម
ធនធានធម្មជាតិ និងបរិស្ថានក្រុងស្ទឹងសែន និងមន្ត្រីកសិកម្មសង្កាត់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/សង្កាត់ បានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះលោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានលើកឡើងថា ការចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាពលរដ្ឋជាលទ្ធផលសម្រេចចាក់បាន២០០ក្បាល ក្នុងនោះសត្វគោបាន១៩៤ក្បាល និងសត្វក្របីបាន០៦ក្បាល បានផ្តល់ជូនថ្នាំព្យាបាលមួយចំនួន និងវ៉ាក់សាំងសាទឹក២.០០០កម្រិត ដល់មន្ត្រីបសុព្យាបាលក្រុង ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់ផងដែរ។
លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន បានអំពាវនាវដល់ប្រជាកសិករ ដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ បន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំ និងបានណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វគោក្របី និងរៀបចំទ្រង់ឱ្បបានស្អាត ប្រសិនបើមានសត្វឈឺក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីក្រុមការងារជំនាញចុះធ្វើការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។ អត្ថបទលោក ធូ កែវមុន្នី





































