(កំពង់ធំ)៖ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរមានខេត្តកំពង់ធំ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំធ្វើពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជាការ ក្នុងមន្ទីរ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ(សន្តិភាព សន្តិសុខសម្រាប់ស្រ្តី និង
គ្រួសារ) នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីជាអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ.និងមន្ត្រីកិច្ចសន្យាជាច្រើនរូបដែលជាស្ត្រីផងដែរ។
លោកស្រី លឹម ពីយោលីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អបអរសារទរចំពោះខួបលើកទី១១៥ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៦ សម្តែងក្ដីអបអរសាទរនៃការរំឭកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រីនៅក្នុងសង្គម ដែលទាំងនេះគឺជាមូលដ្ឋាន និងជាយុទ្ធសាស្ត្រគន្លឹះមួយ នាំមកនូវការផ្ដល់កាលានុវត្តភាពពេញលេញដល់ស្រ្តី និងក្មេងស្រី ដើម្បីចូលរួម និងទទួលភាគផលដោយស្មើភាពពីកិច្ចអភិវឌ្ឍ»។ជាមួយគ្នានេះ ក៏អំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្រ្តី និងគ្រួសារ ដែលទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
លោក សូរហ៊ាន ឆេងអាន អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានឱ្យដឹងថា ទិវានារីអន្តរជាតិនាឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ(សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ) គឺជាមូលដ្ឋានគ្រឹះមានតម្លៃនៃសិទ្ធិស្រ្តី ក្មេងស្រី និងសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលដែលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច។ ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្រី្ត និងក្រុមគ្រួសារ ជាការរួមចំណែកយ៉ាងសំខាន់របស់ស្រី្តក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងនិងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពគ្រួសារនិងសង្គម។
លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរមានខេត្តកំពង់ធំ បានបញ្ជក់ទៀតថា បងប្អូនស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ។ ការចូលរួមរបស់ស្រ្តីនាពេលបច្ចុប្បន្នទាំងវិស័យឯកជន និងវិស័យសារធារណៈ នៅក្នុងសង្គមកម្ពុជាកាន់តែបង្ហាញឱ្យឃើញ អំពីការតព្វកិច្ច ភារកិច្ច/តួនាទី និងការអនុវត្តនូវសិទ្ធិពេញលេញ ព្រមទាំងការលានុវត្តភាព ក្នុងការអភិវឌ្ឍនូវចំណេះដឹង ជំនាញ បច្ចេកទេស និងធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធជាសកលភាពជាដៃគូក្នុងការរស់នៅក្នុងក្រុមគ្រួសារនិងសង្គម ប្រកបដោយសមភាព និងសមធម៌។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យអ៊ុមញឹប






































