កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់ ស្ត្រីគ្រប់រូប ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធឈរលើគន្លងផ្លូវគតិបណ្ឌិត។ ថ្លែងបែបនេះក្នុងឱកាសអបអរសាទរខួប អុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ«សន្តិភាពនិងសន្តិសុខសម្រស់ស្រ្តី និង
គ្រួសារ» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានលេីកជាគោលការណ៍ថា ត្រូវតែរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ។ ព្រោះថា ស្ត្រីជាបុរេ លក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើន រួមមាន ស្ត្រីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និងគុណធម៌។ ស្ត្រីតំណាង ឱ្យជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ។ ស្ត្រីវ័យកាន់តែច្រើន បទពិសោធន៍ កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ និងឥទ្ធិពលស្ត្រីនៅក្នុងគ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលេីកឡេីងថា ដើម្បីកសាងសង្គមមួយដែលកាន់តែមានបរិយាបន្ន សមធម៌ និង សុខដុមរមនា យើងត្រូវបន្តអនុវត្តគោលនយោបាយ និងវិធានការនានា ឱ្យស្របតាមចក្ខុ វិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយធានាបាននូវប្រសិទ្ធភាព និង ភាពស៊ីជម្រៅក្នុងការអនុវត្តផងដែរ ៕






































