សៀមរាប: នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០២៦ មានរៀបចំពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមមូលបទ(សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ) និង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ បងប្អូននារីសាលាខេត្ត មន្ទីរ អង្គភាព និង រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាពលោក
ជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត ដោយមានការចូលរួមលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកស្រី នាងកញ្ញាជាថ្នាក់ដឹកនាំ រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និង មន្ត្រីហាត់ការ បងប្អូនអ្នកអនាម័យ ប្រមាណជា ៣១៤នាក់ ។
បន្ទាប់ពីលោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត បានអាននូវព្រះរាជសារ សម្តេចមហាក្សត្រីនោរត្តម មុនិនាថ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ផ្ញើជូនដល់បងប្អូននារីខ្មែរ ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកស្រី ម៉ននី រងី្ស បានលើកឡើងថា ប្រធានបទមួយនេះ មានគោលបំណងគូសបញ្ជាក់អំពីសារៈសំខាន់ នៃតួនាទីរបស់ស្ត្រីគ្រប់រូបនៅក្នុងសង្គម ដែលត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ។ ស្រ្តីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ ដែលបានស្តែងឡើងតាមរយៈសមត្ថភាពដឹកនាំរបស់នារី ជាថ្នាក់ដឹកនាំនៅតាម បណ្តាក្រសួង មន្ទីរ ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និង វិស័យឯកជន ។
លោកស្រីបានបន្តទៀតថា ស្រ្តីបានដើរតួនាទីយ៉ាងសកម្ម ក្នុងការរួមចំណែកកសាង ថែរក្សាការពារ និងអភិវឌ្ឍសង្គមជាតិ ប្រកបដោយសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងភាពសុខដុមរមនា តាមគ្រប់រូបភាព ដែលបានឆ្លើយតបទៅនឹងចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងក្របខណ្ឌ គោលនយោបាយក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តជម្រុញតួនាទីស្ត្រី ឲ្យកាន់តែមានសក្តានុពល ទាំងក្នុងវិស័យសាធារណៈ នយោបាយ និង វិស័យឯកជន ។ ក្នុងនោះដែរ លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនានេះ ដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និង ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ក៏ដូចបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ។ លោកស្រីក៏បានជម្រាប់ដល់បងប្អូននារីដែលមានកូនតូចៗ រដ្ឋបាលខេត្តបង្កើតឲ្យមានមណ្ឌលថែទាំទារក នៅសាលាខេត្ត ដើមី្បបង្កលក្ខណៈងាយស្រួលដល់បងប្អូននារីដែលមានកូនតូចៗ ដែលគ្មានអ្នកមើលថែទាំនៅផ្ទះ តាមម្តាយមកកន្លែងធ្វើការងារ ព្រមទាំងសូមឲ្យតាមមន្ទីរ អង្គភាព និង រដ្ឋបាលក្រុង ស្រុក ក៏ត្រូវរៀបចំបង្កើតឲ្យមានផងដែរ ៕






































