ឯកឧត្តម ជា វ៉ាន់ចាន់÷ សហភាពសហព័ន្ធយុវជនកម្ពុជាដើរតួនាទីសំខាន់លើកស្ទួយមោទនភាពនិងកិត្យានុភាពជាតិ និងនៅលើឆាកអន្តរជាតិ

0

កំពង់ធំ÷ ‎ឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងថា សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានដើរតួនាទីយ៉ាងសំខាន់ក្នុងចលនាយុវជនដើម្បីចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ ចូលរួមអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជានៅតាមវិស័យ និងគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ព្រមទាំងបានចូលរួមចំណែកជាពិសេសក្នុងការលើកស្ទួយមោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ជា វ៉ាន់ចាន់ បានមានប្រសាសន៍លើកឡើងដូច្នេះនៅក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក។

‎លោក គង់ សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក មានប្រសាសន៍ថាចំពោះសមិទ្ធផលទាំងឡាយ ដែលក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទបល្ល័ង្កសម្រេចក្នុងរយៈពេលកន្លងមកនេះ នៅតាមវិស័យ និងផែនការការងារជាច្រើនដែលបានផ្ដល់ផលប្រយោជន៍ផ្ទាល់ដល់យុវជន និងសង្គមកម្ពុជាដោយមិនប្រកាន់និន្នាការនយោបាយ និងជីវិតសង្គម ពោលគឺ សសយក ជាវេទិកាដ៏ទូលំទូលាយមួយសម្រាប់យុវជនទាំងអស់គ្នាចូលរួមក្នុងគោលដៅលើកកម្ពស់សុខភាពយុវជន ការសិក្សា ការរកការងារធ្វើ ការចម្រើនលូតលាស់ និងការជំរុញលើកកម្ពស់ផ្នត់គំនិត ចូលរួមផ្ដល់ទៅឱ្យសង្គមវិញតាមរយៈការងារស្ម័គ្រចិត្តការលះបង់និងបរិច្ចាគ។

‎ក្រោមបរិយាកាសដ៏រីករាយ ឯកឧត្តម ជា វ៉ាន់ចាន់ បានគូសបញ្ជាក់ថាសហភាពសហព័ន្ធយុវជនកម្ពុជាកម្ពុជាបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដើម្បីជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។ ទន្ទឹមនឹងនេះដែរ ស.ស.យ.ក. បានផ្តល់ឱកាសដល់យុវជនអោយទទួលបាននូវវគ្គបណ្តុះបណ្តាល រួមទាំងការបង្កើតកម្មពិធីផ្សេងៗដើម្បីពង្រឹងភាពជាអ្នកដឹកនាំ បណ្តុះស្មារតីស័្មគ្រចិត្ត និងការប្រកាន់ភ្ជាប់នូវស្មារតីសេ្នហាជាតិ។

‌‎ក្នុងឱកាសនោះដែរឯកឧត្តមបានលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យសម្រេចបាននូវភារកិច្ចធំៗសំខាន់២គឺ÷១.ចូលរួមឱ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍ ប្រទេសជាតិមាតុភូមិកម្ពុជាយើង ក្លាយជាប្រទេសរីកចម្រើនក្នុងតំបន់ ជាសង្គមប្រកបដោយអារ្យធម៌ និងសេចក្តីស្រឡាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ។២.យុវជនម្នាក់ៗត្រូវខិតខំរៀនសូត្រលត់ដំខ្លួនក្នុងចលនារបស់ប្រជាជន មហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត ដែលមានស្មារតីស្នេហាជាតិបរិសុទ្ធ មានសមត្ថភាព មានគុណភាព និងមានឆន្ទៈមោះមុត ក្នុងការថែរក្សា ឯករាជភាព អធិបតេយ្យភាព បូរណភាពដែនដី ឲ្យបានរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។

‎ឯកឧត្តមបានបន្តទៀតថា ចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមជាវិជ្ជមានដល់សង្គមកម្ពុជា ជាពិសេសការបន្ដចូលរួម ជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័ន ដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នា លើការកសាងអភិវឌ្ឍកម្ពុជាមួយភាពរឹងមាំ និងកាន់តែមានការទទួលស្គាល់ ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ អមជាមួយធនធានមនុស្សដែលប្រកបដោយសមត្ថភាព និងមានស្មារតីអភិវឌ្ឍជាតិប្រកបដោយឆន្ទៈ និងការប្រឹងប្រែងតស៊ូរៀនសូត្រ។