បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ យោធភូមិភាគ​ទី​៤​ ប្រារព្ធ​ពិធី​ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥​ ក្រោម​ប្រធាន​បទ​ «សន្តិភាព​ និង​សន្តិសុខ​ សម្រាប់​ស្ត្រី​ និង​គ្រួសារ »

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០​៨​ ខែមីនា ឆ្នាំ២០២៦ នៅ​ទី​បញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ យោធភូមិភាគ​ទី​៤​ បានប្រារព្វ​ពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និង គ្រួសារ” ។ ដែល​ពិធីនេះ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព​ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និងលោក​​ជំទាវ​ នួន​ វិធាវី​ សោម​ស៊ុន​ ព្រមទាំង​មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកមេបញ្ជាការ ផ្នែកសឹករង ក្រុង/ស្រុក លោកនាយ នាយរងការិយាល័យ ផ្នែកចំណុះទីបញ្ជាការ និងភរិយា​ ព្រម​ទាំង​យោធិន​នារី​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ ។

ជាកិច្ចចាប់ផ្តើម លោកស្រី​វរសេនីយ៍​ទោ​ យូ​ មុន្នី​រដ្ឋ​ នាយ​សេនា​ធិការ​រង​ និង​ជាប្រធាន​ក្រុម​ការងារ​យ៉េនឌ័រ​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បានឡើងអានព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ដោយ​បាន​គូស​បញ្ជាក់​អំពីការកើតឡើងនៃទិវានារីអន្តរជាតិ ៨មីនា ដោយបានបញ្ជាក់ថា៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកកាត់ដេរនៅទីក្រុងស៊ីកាកូ និងញូវយ៉ក សហរដ្ឋអាមេរិក ដែលត្រូវបានជិះជាន់កម្លាំងពលកម្មហួសប្រមាណចន្លោះពី១២ ទៅ១៦ម៉ោង ក្នុង១ថ្ងៃ ដោយទទួលបានថ្លៃឈ្នួលទាប បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី ស្មេីភាពគ្នាជាមួយបុរស​ និង​ការ​ងារ​សង្គម​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​យោធិន​នារី​ទាំងអស់​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែលបានខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​សង្គម​ បម្រើ​បងប្អូន​អតីត​យុទ្ធ​ជន​ និង​ប្រជាជន​ នៅ​ក្នុងខេត្ត​កំពង់ធំ​ ។ ហើយ​ដោយ​ឡែក​នៅ​ក្នុងឱកាសនេះ​ដែរ​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ​ក៍បានបញ្ជាក់ផងដែរថា ប្រទេសមួយចំនួននៅលើសកលលោកបច្ចុប្បន្ននេះ មានប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលជាស្រ្តី ដោយឡែក នៅប្រទេសកម្ពុជាយើង ក៏មានថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អភិបាល អភិបាលរង រាជធានីខេត្ត មេឃុំ ចៅសង្កាត់ ជាស្រ្តីផងដែរ ។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ស្រ្តី ជាមាតាពិភពលោក មានសមត្ថភាពមិនចាញ់បុរស មិនដូចពាក្យបុរាណពោលថា “ស្ត្រីបង្វិលចង្ក្រានមិនជុំ” នោះទេ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​សំណូមពរ​ដល់​យោធិន​នារី​គ្រប់​រូប​ ត្រូវខិតខំ​ថែទាំសុខភាព​ ថែរក្សា​ក្រុម​គ្រួសារ​ កូន​ចៅ​ ប្រកបដោយ​សុភមង្គល​ និង​ត្រូវ​បំពេញ​ភារកិច្ច​ដែល​ថ្នាក់​ដឹកនាំ​អង្គភាព​បាន​ប្រគល់​ជូន​ ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ និង​ស្របតាម​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ទូទៅ​របស់​កង​យោធពលខេមរភូមិន្ទ​ ។ ដោយ​ឡែក​ចំពោះ​យោធិន​ជាបុរស​ ក្រៅពី​ភារកិច្ច​ស្នូល​ ក្នង​ការ​ការ​ពារ​បូណភាព​ទឹក​ដី​ ការ​ពារ​ជាតិ​ សាសនា​ និង​ព្រះមហាក្សត្រ​ ​និងភារកិច្ច​ជាក់ស្ដែង​ដែល​មេបញ្ជាការ​អង្គភាព​ និង​ស្ថាប័ន​នីមួយៗ​បាន​ប្រគល់​ជូន​​ ត្រូវ​ចូលរួម​ក្នុង​ការ​ថែទាំ​ក្រុម​គ្រួសារ​ ប្រកបដោយ​សុភមង្គល​ និង​ត្រូវ​គោរព​សិទ្ធិ​នារី​ ជា​រៀងរាល់​ថ្ងៃ​ មិន​មែន​តែ​មួយ​ថ្ងៃ​នេះ​ទេ​ ។

​នៅក្នុង​ឱកាសដ៏​វិសេស​វិសាល​មនោរម្យ​ ប្រកបដោយ​មនោសញ្ចេតនា​នេះ​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​មេបញ្ជាការ​គ្រប់​បណ្តា​កងឯកភាព​ និង​ស្ថាប័ន​ចំណុះ​ បាន​ឡេីង​ជូន​កន្ត្រក​ផ្កា​ដ៏​ស្រស់​ស្អាត​ និងវត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​ឧត្តមភរិយា​រៀង​ខ្លួន​ៗ​ ។ ដោយ​ឡែក​ចំពោះ​យោធិន​នារី​ទាំងអស់​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ក៍បាន​ទទួល​វត្ថុ​អនុស្សាវរីយ៍​មួយ​កញ្ចប់​ម្នាក់​ ​ពីមេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ផងដែរ​ ៕