ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត សំណេះសំណាល សាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញមកសំណេះ សំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​និង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាងមុខ​នេះ​ ដែលពិធីនេះប្រព្រឹត្ត ទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ស្ថិតនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ប្រកបដោយ​ភាព​កក់ក្ដៅ​ជាទីបំផុត​ និង​បានគូសបញ្ជាក់ អំពីតួនាទីភារកិច្ច របស់កងកម្លាំង ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារជាតិ សាសនា និងព្រះមហាក្សត្រ ។ ជាក់ស្ដែងក្នុងពេលមានសង្គ្រាមឈ្លានពាន ពីសំណាក់ទាហានថៃ ក្នុងឆ្នាំ ២០០៨ ដល់ ២០១១  កន្លងទៅ និងការរំលោភឈ្លានពានមកលេីដែនអធិបតេយ្យភាពរបស់កម្ពុជា ជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ  ។  កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មួយផ្នែកក៏បានបញ្ជូនទៅចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ។ ក្រៅពីនោះទៀត  ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានដូចជាការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងនូវការកោត សរសើរ ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមចំណែកជាមួយវីរៈកងទ័ពនៃអង្គភាពកងយោធពលខេមរៈភូមិន្ទ ក្នុងការការពារបូរណភាពទឹកដីទប់ស្កាត់ការឈ្លានពានពីសំណាក់ប្រទេសថៃ  ។ ហើយកងកម្លាំងមួយផ្នែកទៀត​របស់​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បានយកចិត្តទុកដាក់យ៉ាងសកម្ម ក្នុងការសហការចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការចូលរួមទប់ស្កាត់និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិទទួលបានលទ្ធផលជោគជ័យ តាមការប្រគល់ភារកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការ​អនុវត្តន៍​តាម​បទ​បញ្ជារបស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​ ក្នុង​ភារកិច្ចការពារបូរណភាពទឹកដី ទប់ស្កាត់មិនឱ្យសត្រូវឃ្លានពានរំលោភដែលអធិបតេយ្យភាពយើងបានឡើយ។ ហើយកន្លងមក និងចំពោះមុខ សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា លោកបានខិតខំប្រឹង ប្រែងគ្រប់បែបយ៉ាង ដើម្បីសន្តិភាព និងការពារបូរណភាពទឹកដី ដោយបានទាមទារការដោះស្រាយខ្សែបន្ទាត់ព្រំដែនតាមរយៈយន្តការច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលនៅជាធរមាន ដែលភាគីកម្ពុជា ថៃ បានទទួលស្គាល់នាពេលកន្លងមក  ។ កម្ពុជាមិនទទួល ស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែន តាមការប្រើប្រាស់កម្លាំងយោធា ។

នៅក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានឧបត្ថម្ភជូនដល់កងកម្លាំង សម្រាប់​ប្រើ​ប្រាស់​ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​យោធិន​សម្រាប់​ចូល​រួម​អបអរ​សាទរ​ក្នុង​ពិធី​ បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ផង​ដែរ​ និង​សូម​ជូន​ពរ​ដល់​យោធិន​ទាំងអស់​ និង​ក្រុម​គ្រួសារ​ នៅក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ សូមទទួល​បាន​នូវ​សុខភាព​ល្អ​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ជាតិ​ និង​ប្រជាជន​កម្ពុជា​ប្រគល់​ជូន​ ។