អាជ្ញាធរទន្លេសាបជម្រុញឲ្យអាជ្ញាធរមូលដ្ឋានកំណត់តំបន់អាទិភាពដើម្បីពន្លឿនការដាំស្ដារព្រៃលិចទឹកឡើងវិញឲ្យទាន់ផែនការឆ្នាំ២០២៦

0

សៀមរាប៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការដាំស្ដារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាអនុប្រធានក្រុមការងារទទួលទុកអនុវត្តការងារដាំស្ដារព្រៃលិចទឹកខេត្តទាំង៦ ជុំវិញតំបន់ទន្លេសាប បានជំរុញឱ្យរដ្ឋបាលក្រុងស្រុក និងឃុំ-សង្កាត់ សហការពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើម្បីកំណត់ទីតាំងអាទិភាពសម្រាប់ការដាំស្ដារព្រៃលិចទឹកឡើងវិញ។
ឯកឧត្តម ខូវ មាស បានបញ្ជាក់ថា ទិន្នន័យបឋមទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្រុមការងារជំនាញនៃអាជ្ញាធរទន្លេសាប ក្នុងការរៀបចំផែនការសកម្មភាពលម្អិត និងឈានទៅអនុវត្តការដាំដុះឱ្យបានឆាប់រហ័ស។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ក្រុមការងារជំនាញនឹងចុះវាយតម្លៃផ្ទាល់ដល់ទីតាំងជាក់ស្ដែង ដើម្បីរៀបចំបញ្ចូលក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការសម្របសម្រួលដល់ក្រុមការងារជំនាញអាជ្ញាធរទន្លេសាប ជាមួយមន្ទីរជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋានតំបន់បឹងទន្លេសាប។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីធ្វើបទបង្ហាញរបស់មន្រ្តីជំនាញអាជ្ញាធរទន្លេសាប អំពីផែនការដាំស្ដារព្រៃលិចទឹកឡើងវិញ ក្នុងតំបន់រងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃក្នុងភូមិសាស្ត្រខេត្តសៀមរាប និងពិភាក្សាប្រមូលធាតុចូលបន្ថែមពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំបច្ចុប្បន្នភាពផែនការអនុវត្តកិច្ចការដាំស្ដារព្រៃលិចទឹកឡើងវិញ ឱ្យសមស្របតាមស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រមទាំងចែករំលែកទិន្នន័យព័ត៌មាន ផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសពាក់ព័ន្ធកិច្ចការដាំស្ដារព្រៃលិចទឹកឡើងវិញ។
សូមបញ្ជាក់ថា ក្រុមការងារដាំស្ដារព្រៃលិចទឹកឡើងវិញនៅខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ បង្កើតឡើងតាមសេចក្ដីសម្រេចលេខ ៦២១ របស់អាជ្ញាធរទន្លេសាប ដោយយោងលើលិខិតលេខ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្រី្ត ដោយបានឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ និងសហគមន៍ ស្ថិតនៅក្នុងខេត្តជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំស្ដារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់រេចរិល ក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប៕