ឯកឧត្តម ប៉ុក ប៉ាន់ អញ្ជើញជួបសំណេះសំណាលនិងផ្សព្វផ្សាយវេទិកាការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនបងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ក្នុងស្រុកស្វាយចេក

0

បន្ទាយមានជ័យ៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ តម្រូវការការងារចំនួនប្រមាណ១០០០កន្លែង នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបាននាំយកមកបង្ហាញជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងវេទិកាការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក នួន សុីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិ កាវិទ្យា ស្ថានព ហុបច្ចេកទេស ខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងស្រុក ប្រជាពលរដ្ឋចូលរួមយ៉ាងកុះករ នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងវេទិកានេះឯកឧត្តម ប៉ុក ប៉ាន់ បានមានប្រសាសន៍ថា៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រមូលផ្តុំព័ត៌មានការងារដ៏សម្បូណ៌បែបសម្រាប់បងប្អូន និងកំពុងតែរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះជារៀងរាល់ចុងសប្តាហ៍ដល់មូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការផ្សព្វផ្សាយ។ ជាក់ស្តែងនៅថ្ងៃនេះមានរោងចក្រ និងក្រុមហ៊ុនធំៗចំនួន ៤បានមកផ្តល់ឱកាសការងារប្រមាណ ១០០០កន្លែង ដែលបងប្អូនអាចចុះឈ្មោះ និងសម្ភាសទទួលបានការងារភ្លាមៗ ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ និងយុវជនរកការងារ។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ ការនាំយកការងារមកដល់មូលដ្ឋាននាពេលនេះ គឺជួយកាត់បន្ថយទាំងពេលវេលា និងថវិកាសម្រាប់បងប្អូន ដែលខុសប្លែកពីពេលមុន ដែលបងប្អូនត្រូវធ្វើដំណើរទៅរកការងារធ្វើដោយខ្លួនឯង។ ទន្ទឹមនឹងនេះឯកឧត្តម ក៏បានធ្វើការប្រៀបធៀបយ៉ាងច្បាស់លាស់ពីអត្ថប្រយោជន៍នៃការងារនៅក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយបានសង្កត់ធ្ងន់ថា ការងារក្នុងស្រុកមិនត្រឹមតែទទួលបានប្រាក់ឈ្នួលសមរម្យជាមួយនឹងលក្ខខណ្ឌការងារល្អ អាចរស់នៅជួបជុំគ្រួសារ មើលថែទាំកូន ឪពុកម្ដាយ និងជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ។

ជាមួយគ្នានេះឯកឧត្តម ប៉ុក ប៉ាន់ ក៏បានលើកទឹកចិត្តឱ្យបងប្អូន ជាពិសេសយុវជនដែលត្រឡប់ពីប្រទេសថៃឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET 1.5M) ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋគ្រប់កាលៈទេសៈ ក៏ដូចជាសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។

សូមបញ្ជាក់ថា ឱកាសការងារប្រមាណ ១ ០០០កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៨៣ ០០០កន្លែងនៅទូទាំងប្រទេស៕ដោយ៖ឃិន គន្ធា