វត្តមានសមាជិកថ្មី កូនផ្សោតទី១ ប្រចាំឆ្នាំ២០២៦ ត្រូវបានរកឃើញនៅខេត្តស្ទឹងត្រែង !

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ វត្តមានកូនផ្សោតទី១ ប្រចាំឆ្នាំ២០២៦ ត្រូវបានរកឃើញនៅខេត្តស្ទឹងត្រែង គឺជាដំណឹងដ៏រំភើប និងជាសញ្ញាណវិជ្ជមានថ្មីមួយទៀត សម្រាប់កិច្ចការអភិរក្សធនធានធម្មជាតិកម្ររបស់ពិភពលោក ខណៈដែលកូនផ្សោតទន្លេមេគង្គ ទើបនឹងកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃសៅរ៍ ទី២១មីនា២០២៦ កន្លងទៅនេះ។
យោងតាមរបាយការណ៍ពីក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល រដ្ឋបាលជលផលខេត្តក្រចេះ-ស្ទឹងត្រែង សហការជាមួយអង្គការ WWF បានឱ្យដឹងថា កូនផ្សោតដ៏គួរឱ្យស្រឡាញ់នេះ ត្រូវបានរកឃើញនៅវេលាម៉ោង ២:០០ រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅចំណុច អន្លង់កោះសន្ទក់ ស្ថិតក្នុងភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
កូនផ្សោតមួយនេះ គឺជាសមាជិកថ្មីដំបូងគេបង្អស់ ដែលបានចាប់កំណើតក្នុងដែនទឹកខេត្តស្ទឹងត្រែង សម្រាប់ដើមឆ្នាំ២០២៦ ហើយត្រូវបានរាប់បញ្ចូលជាកូនផ្សោតទី៤ នៅទូទាំងប្រទេស បើបូកបញ្ចូលទាំងកូនផ្សោតដែលបានកើតនៅខេត្តក្រចេះនាពេលកន្លងមក នេះគឺជាកូនផ្សោតទី៤ ហើយដែលបានផ្តល់ក្តីសង្ឃឹមថ្មីដល់ការអភិរក្សក្នុងឆ្នាំនេះ។
យោងតាមកំណត់ត្រា សត្វផ្សោតមេគង្គ វត្តមានសមាជិកថ្មីនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គសរុបនៅក្នុងប្រទេសកម្ពុជា កើនឡើងដល់ ១១៦ ក្បាល ដែលជាតួលេខខ្ពស់បំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការកើនឡើងនៃចំនួនសត្វផ្សោតនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែ វាគឺជាផ្លែផ្កាចេញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូ ក្នុងការយាមកាម និងទប់ស្កាត់រាល់បទល្មើសនេសាទ ក្នុងតំបន់អភិរក្សយ៉ាងតឹងរ៉ឹងបំផុត។
ជាមួយគ្នានេះ អាជ្ញាធរ និងក្រុមអ្នកអភិរក្ស នៅតែបន្តអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជានេសាទ ក៏ដូចជាសាធារណជនទាំងអស់ មេត្តាចូលរួមថែរក្សា “រតនសម្បត្តិមានជីវិត” ដ៏កម្រនេះ ដោយជៀសវាងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីធានាឱ្យបាននូវនិរន្តរភាពសត្វផ្សោតសម្រាប់កូនចៅជំនាន់ក្រោយ និងដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ភាគឦសាននៃកម្ពុជា។
សត្វផ្សោតទន្លេមេគង្គ មិនត្រឹមតែជាសម្បត្តិធម្មជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាព និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈវិស័យអេកូទេសចរណ៍ផងដែរ៕