ខេត្តសៀមរាប៖ នាយប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានរងការរិះគន់ថាបានដោះលែងមេល្បែងស៊ីសងម្នាក់។ ការដោះលែងនេះបន្ទាប់ពីអាជ្ញាធរស្រុកពួកបានធ្វើការចុះបង្ក្រាបកាលពីថ្មីៗនេះ។
យោងតាមប្រភពបានរាយការណ៍ថា អភិបាលរងស្រុកពួក ចុះបង្ក្រាបល្បែងស៊ីសងដែលមានឈ្មោះសៀង ជាមេខ្លោង សរុបមានគ្នា ៧ នាក់ ប្រគល់ឱ្យប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ដើម្បីអនុវត្តតាមនីតិវិធី ប៉ុន្តែក្រោយមកបាត់ឈ្មោះសៀង ដែលជាមេខ្លោង នៅសល់តែមនុស្ស៦នាក់ប៉ុណ្ណោះ។
បើតាមប្រភពករណីនេះ នគរបាលឃុំព្រៃជ្រូក ជាពិសេសនាយប៉ុស្តិ៍នគរបាលព្រៃជ្រូក អាចមានចេតនា ដោះលែងមេការអាប៉ោង ឈ្មោះសៀង ឲ្យរត់គេចខ្លួន មុនបញ្ជូនទៅអធិការ។
ជុំវិញករណីនេះ អភិបាលស្រុកពួក លោកស៊ិន ចាន់ថុល បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា កាលពី ខែកុម្ភៈ ឆ្នាំ ២០២៦ លោកបានចាត់ឱ្យអភិបាលរងស្រុកម្នាក់ចុះទៅបង្ក្រាប ហើយបានយកមកធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ក៏ប៉ុន្តែពួកគេមិនរាងចាលនៅតែលេងបន្តទៀត ហើយនៅប៉ុន្មានថ្ងៃមុន លោកបានចុះទៅផ្ទាល់ ក៏ប៉ុន្តែអ្នកមើលផ្លូវឲ្យក្រុមលេងល្បែងស្គាល់ឡានរបស់លោក ក៏រាយការណ៍ដល់លេងល្បែងរត់គេចអស់ ហើយយប់លោកក៏បានចាត់ឲ្យបានរងស្រុកចុះទៅម្ដងទៀតនៅពេលយប់ក៏ចាប់បាន ៧នាក់ ប្រគល់ឲ្យទៅប៉ុស្តិ៍ឃុំព្រៃជ្រូកតែម្ដង។
បើតាមអភិបាលស្រុកពួក ករណីនេះខ្ញុំបានចាត់អភិបាលរងឲ្យទៅបង្រ្កាបក្រោយទទួលសេចក្តីរាយការណ៍ពីភូមិមក ក្រោយពីចាប់បានប្រគល់ទៅឲ្យប៉ុស្តិ៍ ស្រាប់តែបាត់មេអាប៉ោង ! ។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាបក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះលោកទទួលបានព័ត៌មានរឿងយកលុយនោះ កំពុងស្រាវជ្រាវ មិនដឹងពិតឬអត់។
សូមជម្រាបថា បង្ក្រាបល្បែងស៊ីសងនេះ គឺបង្ក្រាបដោយអាជ្ញាធរស្រុកពួក មិនមែនមេប៉ុស្តិ៍ឃុំព្រៃជ្រូកចុះបង្ក្រាបនោះទេ ព្រោះកាលណាប្រាប់អាចបែកការ ជាមួយគ្នាដែរមេប៉ុស្តិ៍ព្រៃជ្រូក មានរឿងមិនប្រក្រតីជាច្រើន ក្នុងការដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូក។
ពាក់ព័ន្ធទៅនឹងករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូកនៅឡើយទេ៕ព្រភព SR




































