វត្តមានកូនផ្សោតទី៦ ក្នុងឆ្នាំ២០២៦ ត្រូវបានរកឃើញនៅអន្លង់កាំពី ជំរុញឱ្យចំនួនសរុបកើនដល់ ១១៨ក្បាល !

0

ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ ជាដំណឹងដ៏រីករាយបន្ថែមទៀតសម្រាប់កម្ពុជា ខណៈដែលកូនផ្សោតទន្លេមេគង្គថ្មី ១ក្បាល ត្រូវបានប្រទះឃើញនៅក្នុងអន្លង់ផ្សោតកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ។

កូនផ្សោតដ៏គួរឱ្យស្រឡាញ់នេះ ត្រូវបានប្រទះឃើញដំបូងដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:២០នាទីរសៀល។

ភ្លាមៗនោះ ក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយអង្គការ WWF បានចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែង។

ជាលទ្ធផល ក្រុមជំនាញបានសន្និដ្ឋានថា កូនផ្សោតនេះមានអាយុប្រមាណ ៣ថ្ងៃ មានសុខភាពល្អមាំមួន និងកំពុងហែលលេងយ៉ាងសប្បាយរីករាយ ជាមួយហ្វូងផ្សោតពេញវ័យចំនួន ៦ក្បាលផ្សេងទៀត។

នេះគឺជាកូនផ្សោតទី ៦ ហើយ ដែលត្រូវបានកត់ត្រាទុកក្នុងបញ្ជីសមាជិកថ្មី សម្រាប់ដើមឆ្នាំ២០២៦នេះ។ វត្តមានសមាជិកថ្មីនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គសរុបនៅក្នុងប្រទេសកម្ពុជា កើនឡើងរហូតដល់ ១១៨ក្បាល ដែលជាសញ្ញាណវិជ្ជមានយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងអភិរក្សកន្លងមក។

តាមរយៈសមិទ្ធផលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្តល់កិច្ចសហការឱ្យបានស្អិតរមួតក្នុងការការពារ “រតនសម្បត្តិជាតិមានជីវិត” មួយនេះ។

ការចូលរួមថែរក្សាបរិស្ថានទន្លេ និងការគោរពតាមការណែនាំរបស់ឆ្មាំទន្លេ គឺជាកត្តាចម្បងបំផុតដែលអនុញ្ញាតឱ្យកូនផ្សោតតូចៗអាចធំធាត់ដោយសុវត្ថិភាព។

​សូមចងចាំថា៖ «ការចូលរួមរបស់បងប្អូន គឺជាដង្ហើមរស់របស់សត្វផ្សោតទន្លេមេគង្គ»៕