មន្ទីរកិច្ចការនារីខេត្តកំពង់ធំ ចុះអប់រំស្តីពីសិទ្ធិស្ត្រី កុមារ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ពលរដ្ឋក្នុងស្រុកសណ្តាន់

0

(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយគម្រោង QSA និងអាជ្ញាធរមូលដ្ឋាន បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិស្ត្រី សិទ្ធិកុមារ ការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី» ជូនដល់ប្រជាពលរដ្ឋក្នុងឃុំមានរិទ្ធ និងឃុំក្លែង ស្រុកសណ្តាន់។
​ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្តាន់ ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរឃុំ-ភូមិ ប៉ុស្តិ៍នគរបាល និងប្រជាពលរដ្ឋសរុប ២០២នាក់ (ក្នុងនោះស្រី ១៥៧នាក់)។
​ក្នុងឱកាសសំណេះសំណាល លោកស្រី ស៊ិន ស៊ីផាន បានលើកឡើងពីសារៈសំខាន់នៃសិទ្ធិស្ត្រី និងកុមារ ដែលជាសសរទ្រូងក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើកុមារដែលជាទំពាំងស្នងឫស្សីមិនទទួលបានការថែទាំ និងអប់រំឱ្យបានល្អទេនោះ សហគមន៍ក៏មិនអាចរីកចម្រើនបានដែរ»។ ទន្ទឹមនឹងនោះ លោកស្រីបានជំរុញឱ្យមានការចូលរួមចំណែករកចំណូលពីស្ត្រី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ព្រោះការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចពឹងផ្អែកតែលើភាគីបុរសតែម្ខាងបានឡើយ។
​ក្រៅពីបញ្ហាសេដ្ឋកិច្ច លោកស្រីប្រធានមន្ទីរបានផ្តល់អនុសាសន៍សំខាន់ៗដល់ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងសម្រាលកូននៅមណ្ឌលសុខភាពជាមួយគ្រូពេទ្យជំនាញ ដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក។ លោកស្រីក៏បានដាស់តឿនដល់អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងការពារកូនចៅ ជាពិសេសកុមារី ដើម្បីធានាថាពួកគេទទួលបានឱកាសស្មើគ្នាក្នុងការអភិវឌ្ឍ និងទទួលបានកិច្ចការពារតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
​ជាចុងក្រោយ លោកស្រីបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីសុភមង្គលក្នុងគ្រួសារ និងសហគមន៍ទាំងមូល៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា