(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង និងសហការី ព្រមទាំងកងកម្លាំងទាំង៣ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន២រូប ដែលទើបតែមកពីបំពេញភារកិច្ចការពារខ្សែរបន្ទាត់ព្រំដែន ហើយកំពុងនឹងបន្តការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្ទោង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកអភិបាលស្រុកស្ទោង បានកោតសរសើរដោយស្មោះអស់ពីចិត្ត ដល់នាយទាហានទាំង២រូប ដែលមានឆន្ទៈមុះមុត និងបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារបន្ទាត់ព្រំដែន ក៏ដូចជាប្រជាជាតិទាំងមូល ដោយមិនខ្លាចនឿយហត់ឡើយ។ លោកក៏បានណែនាំដល់នាយទាហានទាំង២រូប ឱ្យព្យាយាមថែរក្សាសុខភាព ស្ដាប់វេជ្ជបញ្ជា និងទទួលទានឱសថឱ្យបានទៀងទាត់តាមការកំណត់ ដើម្បីឆាប់បានជាសះស្បើយពីជំងឺ និងបន្តភារកិច្ចការពារបូរណភាពទឹកដីបន្តទៀត។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានសម្ដែងនូវការដឹងគុណយ៉ាងក្រៃលែងដល់វីរៈកងទ័ពទាំងអស់ ដែលបានបំពេញបេសកកម្មយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ បន្ថែមពីនេះ លោក ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកស្ទោង ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងនាមជាសមរភូមិជួរក្រោយ ផ្ដល់ការមើលថែយ៉ាងយកចិត្តទុកដាក់ជូនដល់វីរៈកងទ័ពរបស់យើង ដោយមិនមានបង់ប្រាក់ ឬសេវាកម្មអ្វីឡើយ។
គូសបញ្ជាក់ថា នាយទាហានទាំង២រូបពោលគឺលោកអនុសេនីយ៍ត្រី ទិត្យ ទិន ដែលឈរជើងនៅវរៈសេនាតូច៣៧៤ នៃកងពលតូចលេខ៧ (ភ្នំខ្មោច) និងលោកអនុសេនីយ៍ត្រី ហ៊ន ចន្ទី នៅផ្នែកសឹករងស្ទោង ឈរជើងនៅទិសអានសេះ បានទទួលអំណោយរួមមាន÷ អង្ករ១បេ មី១កេស ទឹកបរិសុទ្ធ២កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួនមួយសែនរៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង





































