ប៉ៃលិន៖ ក្នុងឪកាសចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សោភ័ណភាព នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀល
ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានប្រសាសន៍លើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ព្រំដែន គឺជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន ជាពិសេសគឺការបង្កលក្ខណៈងាយស្រួល ដល់ការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ។ នៅក្នុងការចុះពិនិត្យផ្ទាល់នេះដែរ ក៍មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ឲ្យដឹងថា៖ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការស្ថាបនាផ្លូវ ការដាំដើមឈើលម្អ និងការរៀបចំបរិស្ថានជុំវិញមាត់ច្រកទ្វារ មិនត្រឹមតែ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមុខមាត់ របស់ជាតិ នៅមាត់ច្រកទ្វារអន្តរជាតិ ដែលតភ្ជាប់ជាមួយប្រទេសជិតខាង។ ជាមួយនិងការរៀបចំឱ្យមានសោភ័ណភាពស្រស់បំព្រង នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ គឺជាមេដែកយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលតំបន់ព្រំដែនមានភាពស្អាត មានសណ្តាប់ធ្នាប់ និងមានបរិយាកាសល្អ វានឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលធ្វើឱ្យអ្នកដំណើរមិនត្រឹមតែឆ្លងកាត់ ប៉ុន្តែអាចឈប់សម្រាក កម្សាន្ត និងទស្សនាទិដ្ឋភាពនានា។
ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៍បានបញ្ជាក់ថា៖ លំហូរទេសចរ នៅច្រកទ្វារព្រំដែន នឹងនាំមកនូវអត្ថប្រយោជន៍ ជាច្រើនដូចជា ទី១. សេដ្ឋកិច្ចមូលដ្ឋាន គឺបានបង្កើនចំណូល ដល់ប្រជាពលរដ្ឋ តាមរយៈការលក់ដូរចំណីអាហារ សេវាកម្មស្នាក់នៅ និងការលក់ផលិតផលកសិកម្មក្នុងស្រុក (ដូចជា ធុរេន មៀនប៉ៃលិន និងកសិផលផ្សេងៗ)។ ទី១.ការងារ គឺជាការបង្កើតឱកាសការងារ ដល់យុវជនក្នុងតំបន់ តាមរយៈសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច និងទី៣.គឺការទំនាក់ទំនងអន្តរជាតិ តាមរយៈការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ ។ ជាមួយគ្នានេះឯកឧត្តម ក៍បានផ្ដាំផ្ញើ និងជំរុញ ឱ្យក្រុមការងារបច្ចេកទេស ត្រូវអនុវត្តការងារ ឱ្យបានហ្មត់ចត់ និងប្រកបដោយគុណភាពខ្ពស់។
គួររំលឹកដែរថា៖ សកម្មភាពចុះពិនិត្យ របស់ថ្នាក់ដឹកនាំនាពេលនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនខេត្តប៉ៃលិន ឱ្យទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាលំដាប់ផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន






































