ខេត្តសៀមរាប: នាព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២៥នេះ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុក ដើម្បីធ្វើការផ្សព្វផ្សាយពីការលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
តាមរយៈការពង្រឹងតួនាទី ភាកិច្ច និង សម្របសម្រួលដោះស្រាយបណ្តឹង ក្រៅប្រព័ន្ធតុលាការ ក្រោមវត្តមានលោក ណេង ធូ ប្រធានក្រុមប្រឹក្សាស្រុកវ៉ារិន លោក នេត ផល្គុណ ប្រធានការិយាល័័យប្រជាពលរដ្ឋខេត្ត និង លោក ឆុង ពុទ្ធឆាយ អភិបាលរងស្រុក ដោយមានការចូលរួមពីមន្ត្រីការិយា- ល័យជុំវិញស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រុមប្រឹក្សាឃុំ និង មេភូមិ ប្រមាណជា១០០នាក់ចូលរួម ។
ការចុះផ្សព្វផ្សាយនេះ ក៏បានបង្ហាញពីការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ ផ្ញើព័ត៌មាន មតិយោបល់ និង រាយការណ៍ពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង ស្រុកនីមួយៗ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ណេង ធូ ប្រធានក្រុមប្រឹក្សាស្រុក និងការធ្វើបទបង្ហាញរបស់វាគ្មិនពីអនុក្រិត្យ លេខ ១៩អនក្រ និង ពីរៀបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋ និង ការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” រួចមក លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ ជាដៃគូនឹងអង្គភាពច្រកចេញចូលតែមួយ គឺដើមី្បបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយ។ លោកបន្ថែមថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយ ដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត មានតួនាទីជាអ្នកសម្រុះសម្រួល ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ការលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕






































