កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នេីដល់ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ឱ្យបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស ពង្រឹងសមត្ថភាព ចំណេះដឹង បន្ថែមទៀតជូនដល់ក្រុមគ្រូពេទ្យផ្នែកឆ្មប នៅតាមមណ្ឌលសុខភាព ការថ្លែងបែបនេះក្នុងកិច្ចប្រជុំ គណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យ
សុខាភិបាល សម្រាប់ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យជុំរុញផ្នែកពេទ្យឆ្មប ឱ្យបង្កើនការអប់រំដល់ស្ត្រីមានផ្ទៃពោះ ដែលបានមកទទួលសេវាពិនិត្យផ្ទៃពោះ នៅតាមមណ្ឌលសុខភាព និងចុះអប់រំសុខភាពដល់ស្ត្រីមានផ្ទៃពោះនៅតាមសហគមន៍ ឱ្យបានយល់ច្បាស់អំពីសេវាសម្រាលកូន ដោយសុវត្ថិភាព ក៏ដូចជាការចូលរួមទប់ស្កាត់អត្រាគ្រោះថ្នាក់មាតា និងទារក ផងដែរ ។
បន្ទាប់ពីការធ្វើបទបង្ហាញរបស់សមីអង្គភាព អនុវិទ្យាល័យអន្លង់អក ស្រុកកងមាស, អនុវិទ្យាល័យ ទួលថ្ម ក្រុងកំពង់ចាម, សាលាបឋមសិក្សាថ្លុកជ្រៅ ស្រុកកងមាស, សាលាបឋមសិក្សាព្រែកដំបូក ស្រុកស្រីសន្ធរ, មណ្ឌលសុខភាពស្ពឺ ស្រុកចំការលើ, និងមណ្ឌលសុខភាពសណ្តែក ស្រុកបាធាយ, រួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំអំពីភាពខ្វះខាត និងជំរុញឱ្យអង្គភាពប្រឡងប្រ ណាំងទាំង៦ ខាងលើ ត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត និងត្រូវមានសាមគ្គីភាព ដើម្បីទទួ លបានជ័យលាភី ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ៕






































