កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ បីនាក់ ពាក់ព័ន្ធករណីលួចអារឈើខុសច្បាប់!

0

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពី ប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដោយសង្ស័យថា មានអ្នកលួចអារឈើដោយខុសច្បាប់ នៅចំណុចក្រវិល ស្ថិតក្នុងភូមិ ទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប នាវេលាម៉ោង ៣រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ករណីនេះ ទំនងប្រជាពលរដ្ឋអស់ទំនុកចិត្ត លើរដ្ឋបាលព្រៃឈើស្រុកជីក្រែងហើយ មើលទៅ ទើបទូរស័ព្ទទៅប្ដឹង កងរាជអាវុធហត្ថ យ៉ាងដូច្នេះ។ បន្ទាប់ពី ទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះមកដល់ទីតាំងហើយបានឃើញ និងឃាត់ខ្លួនជនសង្ស័យ០២នាក់ (ជាអ្នកអារឈើ) ដែលកំពុងប្រព្រឹត្តបទល្មើសអារឈើ ពិតប្រាកដមែន។
បន្ទាប់មកលុះដល់ម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដ៏ដែល សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាអ្នកទិញឈើដើមម៉ៅក្នុងចំការ។ រីឯ ឈ្មោះ ហាប ព្រលិត បច្ចុប្បន្នរស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាអ្នកទិញបន្តក្រោយឈើអារក្លាយជាគ្រឿងរួច។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា លោក ហាប ព្រលិត គឺជាឈ្មួញដឹកឈើ ដុះស្លែ ចាស់វស្សា ប្រចាំស្រុកជីក្រែង ហើយរដ្ឋបាលព្រៃឈើនៅក្នុងមូលដ្ឋាននោះ មិនដែលធ្លាប់បានបង្ក្រាបម្តងណាឡើយ ។ ពលរដ្ឋបានបញ្ជាក់ ករណីឈើដែលក្រុមចម្រុះ ចុះបង្ក្រាបនេះ ក៏ត្រូវបាន លោក ហាប ព្រលិត ទទួលទិញបានជាច្រើនម៉ែត្រគូបផងដែរ។
ជនសង្ស័យទាំង០៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួននាពេលនោះ មានទីលំនៅ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ដោយឡែក វត្ថុតាងដែលដកហូតបាន រួមមាន៖ ម៉ាស៊ីនអារឈើ ០២គ្រឿង ,ម៉ាស៊ីនរ៉ៃចល័ត ០១គ្រឿង ,គោយន្តកន្រ្តៃ ០១គ្រឿង ,ប្រភេទឈើយ៊ាង និងប្រភេទឈើឃ្លុំ សរុបចំនួន ៥,៨០៥ ម៉ែត្រគូបត្រីគុណ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំង កងរាជអាវុធហត្ថខេត្ត ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តនិតិវិធីបន្ត។ចំណែក លោក ហាប ព្រលិត ជាមេឈ្មួញទទួលទិញឈើខុសច្បាប់នេះវិញ នៅតែត្រូវបានរួចខ្លួនដដែល ដោយមន្ត្រីជំនាញមិនទាន់មាន ចំណាត់ការអ្វីនៅឡើយ៕