កំពង់ចាម: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង ដោយឯកឧត្តម កោ វណ្ឌី ពីប្រធាន សាលាដំបូងខេត្តព្រះសីហនុ មកជាប្រធានសាលាដំបូងខេត្តកំពង់ចាម និងឯកឧត្តម កែវ សុជាតិ ពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលា
ដំបូងខេត្តបាត់ដំបង មកជាព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរ ចំពោះឯកឧត្តម សួស ឡា និងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ដែលត្រូវផ្លាស់ប្តូរទៅកាន់តំណែងថ្មី ដោយកន្លងមកលោកបានខិតខំបំពេញការងារយ៉ាងល្អនៅក្នុងមុខតំណែង ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានទទួលស្វាគមន៍ចំពោះ ឯកឧត្តម កោ វណ្ឌី ដែលត្រូវបានប្រកាសចូលកាន់ មុខតំណែងជាប្រធានសាលាដំបូង និងឯកឧត្តម កែវ សុជាតិ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយសង្ឃឹមថាថ្នាក់ដឹកនាំសាលាដំបូងថ្មីលោកនឹងចូលរួមសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ អនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្តល់នូវសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានផ្តាំផ្ញេីដល់មន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ទទួលការតែងតាំងថ្មី ត្រូវចូលរួម លើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ក៏ដូចជាលើកកម្ពស់គុណភាពនៃការកាត់ក្តីឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ និងលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឲ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹង ជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌ នៅកម្ពុជា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រី តុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និង ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាម សាលាដំបូងរាជធានី-ខេត្ត ដោយអនុវត្តឱ្យ បានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ” ៕






































