អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យយកចិត្តទុកដាក់លើការស្តារ ការកសាងជួសជុលថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវពង្រឹង និងពង្រីកផលិតភាពកសិកម្មទាំងបរិមាណ និងគុណភាព ដោយយកចិត្តទុកដាក់លើការស្តារ ការកសាង ជួសជុលថែទាំ និងការគ្រប់គ្រង ប្រព័ន្ធធារាសាស្ត្រគ្រប់ប្រភេទ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តកំពង់ចាម ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ជាចម្បង លើផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាព គន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងការត្រៀមខ្លួនសម្រាប់ការចាកចេញ របស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេស អភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំ ឱ្យ លើកកម្ពស់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ សោភណភាពទីក្រុង និងជនបទ ពោលគឺត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈ ក្រសួង ឬ ធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង និងចូលរួមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការដឹកនាំអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានកាន់តែល្អប្រសើរ នៅតាមមូលដ្ឋាន ពោលគឺត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ផងដែរ ៕