លោកឧត្តមសេនីយ៍ទោ ហេង សុផល ទីណាមានមន្ត្រីជួបទុក្ខលំបាក ឬមានជម្ងឺឈឺថ្កាត់ ទីនោះតែងតែមានវត្តមាន ថ្នាក់ដឹកនាំចុះសាកសួរសុខទុក្ខ ដល់លំនៅឋានមន្ត្រី

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ មន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ស៊ុយ ប៊ុនហួរ នាយរងការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលកំពង់ធំ (ជួបគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លង ហើយត្រូវបានគ្រួសារ របស់លោក បញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរាជធានីភ្នំពេញ) ។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ ជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែ
គិតគូរ យកចិត្តទុកដាក់ អំពីសុខទុក្ខ សុខមាលភាព របស់កងកម្លាំង
នគរបាលជាតិ ដែលកំពុងអនុវត្ត តួនាទី ភារកិច្ច បេសកកម្ម ការពារ
រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់  ជូនប្រជាពលរដ្ឋ និងសង្គមជាតិ
ព្រមទាំងមន្ត្រីដែលជួបទុក្ខលំបាក។

បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ទោស្នងការ
បានណែនាំ ដល់អ្នកជំងឺ ត្រូវខិតខំថែរក្សា សុខភាព តាមរយៈ ការធ្វើអនាម័យ បរិភោគស្អាត សម្រាកគ្រប់គ្រាន់ ពិសារឱសថ ឱ្យបានទៀងទាត់ តាមដានត្រួតពិនិត្យសុខភាព តាមការណែនាំរបស់គ្រូពេទ្យ ព្យាយាមហាត់ប្រាណ ពង្រឹងកាយសម្បទា ទើបសុខភាព បានល្អប្រសើរឡើងវិញ ដើម្បីបន្តចូលរួមបំពេញតួនាទី ភារកិច្ច ជូនអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ។

លោកស្នងការ បានឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំង ទឹកបរិសុទ្ធ និងថវិកាចំនួន ១,០០០,០០០រៀល ដើម្បីចូលរួមសម្រាលការដោះស្រាយក្នុងជីវភាពជាប្រចាំថ្ងៃ។

លោក ស៊ុយ ប៊ុនហួរ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត
ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ ដែលបាន ចំណាយពេលវេលា ដ៏មានតម្លៃ ចុះសាកសួរសុខទុក្ខ ថែមទាំងនាំយក សម្ភារថវិកាមួយចំនួន ឧបត្ថម្ភដល់ក្រុមគ្រួសារលោក និងសូមជូនពរជ័យ ជូនចំពោះថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ សូមជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕